អង់គ្លេស៖ អ្នកចាត់ការក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានលើកសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញខ្លួន និងត្រឡប់មកវិញយ៉ាងល្អរបស់ខ្សែប្រយុទ្ធជប៉ុន Takumi Minamino ក្រោយពីកីឡាកររូបនេះបានជាសះស្បើយពីរបួស និងបង្ហាញខ្លួនយ៉ាងអស្ចារ្យ និងស៊ុតបញ្ចូលទី ២គ្រាប់ឱ្យ Liverpool ទម្លាក់ Norwich City ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពាន EFL Carabao Cup។
កីឡាករជប៉ុនវ័យ២៦ឆ្នាំខាងលើ នារដូវកាលមុនត្រូវបាន Liverpool ដាក់ឱ្យ Southampton ខ្ចីជើងពេញមួយឆ្នាំ មុននឹងត្រឡប់មក Liverpool វិញនារដូវកាលនេះ ប៉ុន្តែបានរងរបួសសាច់ដុំភ្លៅនាំឱ្យគេអវត្តមាន ៣សប្តាហ៍ និងទើបតែបានបង្ហាញខ្លួនលើទីលានលើកដំបូងបង្អស់ក្នុងរដូវកាលនេះជាមួយ Liverpool ក្នុងពាន EFL Cup។
Klopp បាននិយាយក្រោយចប់ការប្រកួតថា៖ "បច្ចុប្បន្ន គេ (Minamino) កំពុងស្ថិតនៅក្នុងពេលវេលាដ៏ល្អមួយ។ តាមពិតទៅ ខ្ញុំដឹងថាគេមិនសូវទទួលបានឱកាសបង្ហាញខ្លួនច្រើន ស្របចំនឹងបញ្ហារបួស ប៉ុន្តែគេត្រឡប់មកវិញបានល្អមែនទែន ដូចដែលយើងទាំងអស់គ្នាបានឃើញក្នុងការប្រកួតស្រាប់។ ភាពលេចធ្លោក្រោយជាសះស្បើយពីរបួសនេះ នឹងជាចំណែកមួយយ៉ាងសំខាន់ ដែលរួមចំណែកធំបំផុតសម្រាប់ជួយគេខ្លួនឯងផ្ទាល់ និងជួយដល់ក្រុម Liverpool របស់យើងផងដែរ"។
ការប្រកួតយប់មិញនេះ លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើស ១១នាក់ដំបូងស្ទើរតែទាំងស្រុង ពោលគឺរក្សាទុកតែខ្សែការពារស្តាំ Tsimikas និងខ្សែការពារកណ្តាល Konate តែប៉ុណ្ណោះ ក្រៅពីនោះគឺជាកីឡាករថ្មីទាំងស្រុង បូករួមទាំងយុវជនវ័យ១៦ឆ្នាំ Kaide Gordon និងវ័យ១៨ឆ្នាំ Conor Bradley ផងដែរ។ ពាក់ព័ន្ធនឹងការបង្ហាញខ្លួនរបស់ខ្សែបម្រើវ័យ ១៦ឆ្នាំ Gordon លោក Klopp បានបង្ហាញចំណាប់អារម្មណ៍ថា កីឡាកររូបនេះពិតជាល្អ និងបត់បែនបានរហ័សជាមួយស្ថានភាពលើទីលាន គេមានអ្វីដែលលក្ខខណ្ឌកីឡាករអាជីពត្រូវការច្រើនហើយ ប៉ុន្តែគេក៏ត្រូវការរៀនសូត្រពីការប្រជែងទីលានបន្ថែមទៀតដែរ។
គួរបញ្ជាក់ថា ក្រោយចប់ការប្រកួត EFL Cup យប់មិញ Liverpool នឹងត្រូវបន្តជួបជាមួយក្រុម Brentford នៅថ្ងៃទី២៥ ខែកញ្ញានេះ ដែល Brentford ទើបឈ្នះគូប្រជែង ៧-០ ក្នុងពាន EFL Cup នេះដូចគ្នា មុននឹង Liverpool ត្រូវទៅកាន់ទឹកដី FC Porto សម្រាប់ការប្រកួតទី២ក្នុងពូល នៃពាន UEFA Champions League៕