ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវដល់ពលរដ្ឋសាមគ្គីគ្នា ការពារសន្ដិភាពដើម្បីសុខដុមរមនា សុខមាលភាពប្រជាជន និងការអភិវឌ្ឍជាតិ។
ក្នុងសារលិខិតអបអរទិវាសន្ដិភាពអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទម្រាំមានសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់បទពិសោធន៍ និងមេរៀនដ៏ជូរចត់ជាច្រើនរួចមកហើយ។
លើសពីនេះក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ ការប្រជែងរវាងមហាអំណាចពិភពលោក កំពុងគំរាមកំហែងដល់សុខសន្ដិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងអន្តរជាតិ ដែលធ្វើឱ្យកម្ពុជា មិនអាចគេចផុតពីការទទួលរងនូវឥទ្ធិពល នៃជម្លោះភូមិសាស្រ្តនយោបាយរវាងមហាអំណាចអស់ទាំងនោះទេ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានប្រកាសពីការប្ដេជ្ញាចិត្តក្នុងការការពារសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងទទួលបាននេះឱ្យនៅគង់វង្សផងដែរ។
សម្ដេចតេជោបានថ្លែងថា៖ «យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជាការពារសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិតែប៉ុណ្ណោះ»។
សម្ដេចតេជោ អំពាវនាវដល់ជនរួមជាតិទាំងអស់ រួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ រក្សាការពារ សន្ដិភាព ដើម្បីសុខដុមរមនា សុខមាលភាពសម្រាប់បងប្អូនជនរួមជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលស្វាគមន៍ជនជាតិខ្មែរគ្រប់រួបរួម និងកសាងជាតិ។ ប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងដែលនាំមកនូវសន្ដិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ដែលផ្ដល់ឱកាសឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
ក្រៅពីកសាងបានសន្ដិភាពក្នុងប្រទេស សម្ដេចតេជោ ហ៊ុន សែន ក៏ត្រូវបានសហព័ន្ធសន្ដិភាពសកលទទួលស្គាល់ និងផ្ដល់មេដាយមាសសន្ដិភាពពិភពលោកជូន សម្ដេចផងដែរ ក្នុងកិច្ចការដែលសម្ដេចបានដើរតួរយ៉ាងសំខាន់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមានសន្តិភាព៕