វៀតណាម៖ រដ្ឋាភិបាលគុយបា នៅថ្ងៃចន្ទ ទី២០ ខែកញ្ញានេះបានព្រមព្រៀងក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលផលិតដោយអ្នកវិទ្យសាស្រ្តរបស់គុយបាផ្ទាល់ ចំនួន ១០លានដូស ពោលគឺវ៉ាក់សាំង Abdala ក្រោយពីវៀតណាមបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះក្នុងលក្ខខណ្ឌបន្ទាន់ក្នុងប្រទេស។
កិច្ចព្រមព្រៀងនេះបានធ្វើឡើង និងចុះហត្ថលេខាដោយភាគីនៃរដ្ឋាភិបាលទាំងពីរ អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋក្រោមវត្តមានប្រធានាធិបតីវៀតណាម Nguyen Xuan Phuc ទៅកាន់ដែនកោះកុម្មុយនីសមួយនេះ។ ផ្អែកតាមសារព័ត៌មានក្នុងប្រទេសគុយបាបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះទាក់ទងនឹងការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៥ លានដូសដំបូងសិន ប៉ុន្តែយ៉ាងណាមិញ អាជ្ញាធរវៀតណាមបានសម្រេចអនុញ្ញាតឱ្យមានការបញ្ជាទិញនូវវ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១០ លានដូសរួចរាល់តែម្តង។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ វៀតណាមបានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលអនុម័ត និងទទួលស្គាល់ការប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Abdala របស់គុយបា ខណៈកន្លងមកគុយបាខ្លួនឯងផ្ទាល់ក៏មានការប្រើប្រាស់នូវវ៉ាក់សាំងមួយប្រភេទទៀតឈ្មោះ Soberana 02 ដែលជាវ៉ាក់សាំងផលិតដោយក្រុមអ្នកវិទ្យាសាស្រ្តគុយបាខ្លួនឯងផ្ទាល់ដូចគ្នា។
មិនមែនមានតែវៀតណាមមួយទេដែលបានបញ្ជាទិញវ៉ាក់សាំងនេះ កន្លងមកប្រទេសវេណេហ្ស៊ុយអេឡាក៏បានចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងប្រភេទ Abdala នេះចំនួន ១២លានដូស ខណៈអ៊ីរ៉ង់បាននិងកំពុងផលិតនូវវ៉ាក់សាំងប្រភេទ Soberana 02 ក្រោមកិច្ចព្រមព្រៀងពីប្រទេសគុយបាផងដែរ។ ក្រៅពីនេះ អាហ្សង់ទីន និងម៉ិកស៊ិកជាដើមសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ទៅលើវ៉ាក់សាំងរបស់គុយបាផងដែរ។
សប្តាហ៍មុន រដ្ឋាភិបាលគុយបា ក៏បានចាប់ផ្តើមដំណើរការឯកសារផ្លូវច្បាប់ដើម្បីសុំការទទួលស្គាល់ និងអនុញ្ញាតការប្រើប្រាស់ជាលក្ខណៈសកលពីអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕