ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង ច្រានចោលព័ត៌មានកាសែតបរទេសដែលបានចុះផ្សាយថា មានរាជ្ជទាយាទកម្ពុជាម្នាក់បានដាក់ពាក្យស្នើសុំទិញក្លឹបបាល់ទាត់បារាំង ដោយថាកម្ពុជាមិនមានរាជ្ជទាយាទនោះទេ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន សារព័ត៌មាន បារាំង Le Figaro បានចុះផ្សាយថា ព្រះអង្គម្ចាស់រាជ្ជទាយាទ “Prince Héritier” នរោត្តម រ៉ាវីចក្រ ដាក់សំណើរសុំទិញក្លិបបាល់ទាត់បារាំង Saint-Etienne ក្នុងតម្លៃជាង ១១៧លានដុល្លារអាមេរិក។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែកញ្ញានេះ ក្រសួងព្រះបរមរាជវាំងបានលើកឡើងថា៖ «យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំងព្រះរាជ្ជទាយាទ “Prince Héritier” ទេ ហើយកុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងព្រះរាជ្ជទាយាទឡើយ»។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មានតែក្រុមប្រឹក្សារាជសម្បត្តិមួយប៉ុណ្ណោះ ដែលមានសិទ្ធិជ្រើសតាំងព្រះមហាក្សត្រ ដែលត្រូវធ្វើក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃបន្ទាប់ពីព្រះមហាក្សត្រមុន ដែលត្រូវជ្រើសតាំងចេញពីខ្សែរាជវង្សព្រះអង្គឌួង ឬព្រះនរោត្តម ឬព្រះស៊ីសុវត្ថិ៕