
អាជ្ញាធរជម្លៀស ពលរដ្ឋ២៥គ្រួសារនៅសង្កាត់ប៉ោយប៉ែតទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ចាប់ផ្ដើមជន់លិច
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ផ្ដើម ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីជំនន់ទឹកភ្លៀងបង្កឲ្យក្រុងប៉ោយប៉ែត ចាប់ផ្ដើមរងការជន់លិច ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត លោកវរសេនីយ៍ទោ ទ្បេង ហុងលាង បានបញ្ជាកម្លាំង ២០នាក់ ចុះជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅតាមមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ២៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកចាប់ផ្ដើមជន់លិចផ្ទះរបស់ពួកគេ។
ខេត្តបន្ទាយមានជ័យ រងនូវភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា គួបផ្សំនឹងទឹកទម្លាក់មកពីប្រទេសថៃថែមទៀត ធ្វើឱ្យកម្រិតទឹកភ្លៀងក្នុងខេត្តកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យអាជ្ញាធរប្រុងប្រៀបប្រកាសអាសន្ន ក៏ដូចជាត្រៀមនូវទីទួលសុវត្ថិភាព និងកងកម្លាំងសម្រាប់ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋផងដែរ៕
PHOTO: ROEURNG CHANTREA