អ៊ីតាលី៖ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Jose Mourinho បានស្គាល់រសជាតិបរាជ័យលើកដំបូងបង្អស់របស់លោក ចាប់តាំងពីមកដឹកនាំក្រុមនៅទឹកដីអ៊ីតាលី ក្រោយពី AS Roma ចាញ់ក្រុម Hellas Verona ៣-២ ក្នុងការប្រកួតដ៏ជក់ចិត្តក្នុងក្របខណ្ឌ Serie A នៅថ្ងៃអាទិត្យម្សិលមិញនេះ។
គ្រាប់បាល់ពីក្រៅប្រអប់ដ៏អស្ចារ្យរបស់ខ្សែការពារ Marco Faraoni នៅនាទីទី៦២ បានឆក់យក ៣ពិន្ទុពីក្រុម AS Roma ដែលបានបញ្ចប់កំណត់ត្រាឈ្នះ ១០០ភាគរយរបស់លោក Jose Mourinho ក៏ដូចជាជួយឱ្យ Verona ស្គាល់ជ័យជម្នះលើកដំបូងក្នុងរដូវកាលនេះផងដែរ។
ក្រោយចប់ការប្រកួត អ្នកចាត់ការរហស្សនាម Special One បានលើកឡើងថា៖ "យើងលេងមិនបានល្អនៅការប្រកួតនេះ! យើងមិនសម្របខ្លួនបានល្អជាមួយរបៀបលេងដែលបានរៀបចំទុក។ យើងបានបាត់បង់របៀបលេងផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗរៀងៗខ្លួន ហើយខ្ញុំត្រូវការវីដេអូការប្រកួត រួមទាំងពេលវេលាមួយចំនួនដើម្បីស្វែងយល់ឡើងវិញនូវចំណុចខ្វះខាតដែលកើតមាន"។
ក្រោយជ័យជម្នះនេះ Verona បានរំកិលខ្លួនឡើងមកកាន់ចំណាត់ថ្នាក់លេខ ១៤ ខណៈ Roma ឈរលេខ ៣ ក្នុងតារាងពិន្ទុមាន ៩ពិន្ទុស្មើជាមួយ Fiorentina និង Napoli ដែលចំណេញមួយប្រកួតក្នុងដៃ។ ប្រកួតបន្ត AS Roma នឹងត្រូវទទួលក្រុម Udinese ខណៈ Verona ទៅកាន់ទឹកដីក្រុម Sportiva Salernitana៕