បារាំង៖ អ្នកចាត់ការទូទៅក្លិប Paris Saint-Germain លោក Mauricio Pochettino បានលើកឡើង និងការពារនូវការសម្រេចចិត្តរបស់លោក ក្នុងការប្តូរចេញកីឡាករ Lionel Messi និងជំនួសវិញដោយខ្សែការពារ Archaf Hakimi ក្នុងជំនួបដែល PSG ឈ្នះ Lyon ២-១ កាលពីយប់មិញនេះ។
ក្នុងការបង្ហាញខ្លួនយប់មិញនេះ គឺជាការបង្ហាញខ្លួនលើកទី៣ សម្រាប់កីឡាករ Lionel Messi ជាមួយ PSG យ៉ាងណាមិញការព្យាយាមប៉ុនប៉ងរកគ្រាប់បាល់របស់គេមិនអាចធ្វើបានឡើយ ពោលគឺបានត្រឹមឱកាសស៊ុតនឹងរបារទីប៉ុណ្ណោះ ក្នុងការប្រកួតនៅកីឡដ្ឋាន Parc Des Prince។ Messi ត្រូវបានផ្លាស់ប្តូរនៅក្នុងនាទីទី៧៥ ខណៈលោក Pochettino បានអះអាងថា កីឡាករអាហ្សង់ទីនរូបនេះមិនមានបញ្ហាល្អក់កករអ្វីឡើយក្នុងការផ្លាស់ប្តូរនេះ។ យ៉ាងណាក៏ដោយ បើតាមទិដ្ឋភាព និងវីដេអូយប់មិញនេះ Messi ក៏មិនសូវជាអូខេប៉ុន្មានដែរ ក្នុងការផ្លាស់ប្តូរចេញ ថែមទាំងដើរចេញពីចាប់ដៃជាមួយអ្នកចាត់ការក្រុមទៀតផង។
លោក Pochettino បាននិយាយក្រោយការប្រកួតថា៖ "ខ្ញុំគិតថាអ្នកទាំងអស់គ្នាសុទ្ធតែដឹង ដែលយើងមានកីឡាករដ៏អស្ចារ្យរហូតដល់ទៅ ៣៥នាក់ក្នុងក្រុមនេះ ខណៈខ្ញុំអាចរើសកីឡាករចូលលេងបានត្រឹម ១១នាក់ប៉ុណ្ណោះលើទីលាន មិនអាចលើសពីនេះទេ។ ការសម្រេចចិត្តរបស់ខ្ញុំធ្វើឡើងក្នុងបំណងល្អសម្រាប់ក្រុមទាំងមូល និងសម្រាប់ផលប្រយោជន៍ចំពោះកីឡាករម្នាក់ៗប៉ុណ្ណោះ។ គ្រប់គ្រូបង្វឹកទាំងអស់សុទ្ធតែគិតពីចំណុចនេះ! ពេលខ្លះក៏បានផល ពេលខ្លះក៏អត់! ហើយសម្រាប់កីឡាករវិញពេលខ្លះក៏ពួកគេពេញចិត្ត ពេលខ្លះពួកគេក៏មិនពេញចិត្តចំពោះការសម្រេចនេះ តែយ៉ាងណាក៏ដោយក៏យើងនៅតែធ្វើវាដដែល"។
គួរបញ្ជាក់ថា ក្រោមការរៀបចំនឹងដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនខាងលើ PSG ធ្វើបានសម្រេចនូវជ័យជម្នះចុងម៉ោង ក្នុងលទ្ធផល ២-១ សម្រេចដោយ Mauro Icardi នៅនាទី៩០ នាំឱ្យក្លិបយក្សបារាំងមួយនេះ បន្តកាន់កាប់កំពូលតារាង ឈ្នះទាំង ៦ប្រកួតមាន ១៨ពិន្ទុក្នុងដៃ។ ប្រកួតបន្ត PSG នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Metz នៅថ្ងៃទី២៣ ខែកញ្ញា មុននឹងបើកទ្វារស្វាគមន៍ Montpellier នៅថ្ងៃទី២៦ ខែកញ្ញាក្នុងក្របខណ្ឌ Ligue1 និងទទួល Manchester City នៅថ្ងៃទី២៩ ខែកញ្ញា ក្នុងក្របខណ្ឌ UEFA Champions League៕