ភ្នំពេញ៖ លោកបណ្ឌិត សេង សារី បានផុសនៅលើហ្វេសបុករបស់លោកនៅព្រឹកនេះ កុំឱ្យក្រុមគ្រួសារមានការបារម្ភចំពោះរូបលោកទៀត និងអាចប្រកបទៅកាន់កិច្ចការធម្មតាបានវិញ ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រីស្នើសុំឱ្យតុលាការបញ្ឈប់ការតាមចាប់លោក។
លោកសេង សារី បានសរសេរនៅលើហ្វេសបុកលោកនៅម៉ៅងប្រមាណ១០ព្រឹកនេះថា៖ « ម៉ែអាចទៅវត្តនៅថ្ងៃកាន់បិណ្ឌខាងមុននេះបានហើយ ម៉ែមិនបាច់បារម្ភពីអ្នកណាថាឲ្យម៉ែមានកូនជាជនក្បត់ជាតិទេ! ប្រពន្ធសម្លាញ់ អូនអាចបើកទ្វារបង ឲ្យកូនរត់លេងវិញបានហើយ! »
ការសរសេររបស់លោក សេង សារី នាពេលនេះ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អនុគ្រោះ និងទទួលយកការបកស្រាយរបស់លោកសេង សារី ចំពោះការសរសេរបង្ហោះលើហ្វេសបុកលោកសេង សារី កាលពីចុងខែកក្កដាកន្លងទៅ។
ក្រៅពីនេះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបណ្ឌិត សេង សារី ធ្វើកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គមថែមទៀតផង៕