ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ ស្នើដល់តុលាការបញ្ឈប់ដីកាតាមចាប់ខ្លួន លោក សេង សារី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់តុលាការឱ្យបញ្ឈប់ដីកាតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ដោយថាការបកស្រាយរបស់គាត់អាចទទួលយកបាន។

សម្ដេចតេជោ បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចថា សម្ដេចទទួលយកការបកស្រាយរបស់លោកបណ្ឌិត សេង សារី តាមរយៈការសម្ភាសន៍រវាងលោកជាមួយ សារព័ត៌មាន The Cambodia Daily កាលពីយប់ថ្ងៃទី១៨ កញ្ញា ដោយសម្ដេច ថាជាការបកស្រាយដែលសមហេតុសមផលនិងអាចទទួលយកបាន។

សម្ដេចតេជោ បានសរសេរថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោកបណ្ឌិត សេង សារី។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យ លោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំក៏អំពាវនាវឱ្យភរិយា កូន និងឪពុកម្តាយ របស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ»។

កាលពីចុងខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត សេង សារី បានសរសេរលើគណនីហ្វេសបុក របស់លោកថា កម្លាំងនយោបាយដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន ៦ចំណុចធំៗ ដូចជាកម្លាំងគាំទ្របក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងបក្សកាន់អំណាចដែលលួចគាំទ្របក្សប្រឆាំង កម្លាំងរបស់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ។

បណ្ឌិត សេង សារី ដែលកំពុងគេចខ្លួនទៅប្រទេសថៃ បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា បានបកស្រាយថា ការលើកឡើងរបស់លោក គឺគ្រាន់តែវិភាគប៉ុណ្ណោះ ហើយលោកមិនមែនជាអ្នកនយោបាយដែលគាំទ្រកម្លាំងយោធា ឬកម្លាំងនយោបាយដែលអាចបង្កើតចលនាតស៊ូណាមួយប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំសរសេរនោះមិនមែនមានន័យថាខ្ញុំគាំទ្រចលនានយោបាយណាឱ្យពិតប្រាកដទេ ប៉ុន្ដែចង់បង្ហាញផ្លូវថាតើវានឹងមានអ្វីដែលកើតឡើង។ ព្រោះការសរសេររបស់ខ្ញុំជាការវិភាគបែបសេណារីយ៉ូដែលមានលក្ខខន្ត។ មានន័យថា វាកើតឡើងបានលុះត្រាតែមានលក្ខខណ្ឌមួយ ពីរ បី បួន ប្រាំអញ្ចឹងទៅ។ ការសរសេររបស់ខ្ញុំមិនមានឃ្លាណាមួយដែលបង្ហាញការគាំទ្រចលនាណាមួយទេបាទ!»។

កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួន លោក សេង សារី បន្ទាប់ពីសម្ដេចយល់ថា ការសរសេររបស់លោកដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក គឺបានបង្ហាញការគាំទ្រដល់ចលនាប្រឆាំងរដ្ឋាភិបាល ឬកំពុងបង្កើតរដ្ឋាភិបាលក្រៅស្រុក។ សម្ដេចបាន ស្នើដល់អ្នកវិភាគទាំងអស់ សូមកុំវិភាគហើយបន្សល់ទុកបទឧក្រិដ្ឋណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងសន្ដិសុខជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក