ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ឱ្យក្រសួងកសិកម្មពិនិត្យកែសម្រួលច្បាប់ឱ្យស្របតាមប្រយោជន៍ប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យរដ្ឋមន្ត្រីកសិកម្ម ប្រជុំរកដំណោះស្រាយកែសម្រួលច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីធ្វើឱ្យស្របតាមប្រយោជន៍ប្រជាពលរដ្ឋ។

កាលពីព្រឹកមិញសម្ដេចតេជោ បានឱ្យរដ្ឋមន្ត្រីកសិកម្មបកស្រាយ ករណីមន្ត្រីកសិកម្ម ចាប់សាច់ពពែពលរដ្ឋ ដែលសម្ដេចថាជារឿងដែលមិនអាចទទួលយកបាន។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបកស្រាយថា ការចាប់សាច់សត្វនោះគឺដោយសារតែការពារការឆ្លងរាលដាលនៃជំងឺផ្សេងៗ។

រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានប្រាប់ EAC News បន្ថែមថា៖ «បើយើងកាប់លក់ត្រូវសុំច្បាប់! ព្រោះគោលដៅរបស់យើងគឺការពារជំងឺឆ្លង ដូចជាគោមានដុំពកស្បែកអីជាដើម ឃើញគោឈឺអន់ៗ យកទៅកាប់ថោកៗ ធ្វើឲ្យមានរឿងរ៉ាវ ដល់ពេលឆ្លងរាលដាល ដូចជ្រូកអីអញ្ចឹងដល់ពេលឆ្លងរាលដាលទៅ ព្រោះយើងចេះតែទិញជ្រូកឆ្លងជំងឺហ្នឹងមកបរិភោគ។ បើយើងបរិភោគក្នុងគ្រួសារខ្លួនឯងវាមិនអីទេ យើងកាប់ហើយយើងស្ល យើងខហូប តែក្នុងគ្រួសារឯងវាមិនអី តែដល់ពេលយើងទិញយកទៅវាធ្វើទៅ វាធ្វើឲ្យឆ្លងដល់អ្នកដទៃ»។

នៅល្ងាចនេះ សម្ដេចតេជោ បានសរសេរ សារឆ្លើយតបមួយបន្ថែមទៀត ដោយតម្រូវឱ្យរដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន ដឹកនាំប្រជុំដើម្បីរកដំណោះស្រាយ ជាកញ្ចប់ ដោយឱ្យពិនិត្យលើគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួលដើម្បីឱ្យស្របជាមួយសភាពការ និងផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្ដេចតេជោសរសេរថា៖ «ដំណាក់កាលដែលយើងកំពុងស្ថិតនៅគឺជាដំណាក់កាលកសិ.ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នា ក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជម្ងឺឆ្លងដែលចេញពីសត្វដែលធ្វើចរាចរក្នុងទីផ្សារបញ្ហាអនាម័យ។ល។»

សម្ដេចតេជោ ក៏បានអរគុណចំពោះសាធារណជនដែលបានចូលរួមផ្ដល់មតិយោបល់ក្នុងការជួយកែលម្អរឿងនេះផងដែរ។

កាលពីព្រឹកមិញ សម្ដេចតេជោបានបង្ហោះនូវវីដេអូមួយ ដោយសម្ដេចបានសំដែងការអាណិតអាសូរដល់ពលរដ្ឋ ដែលត្រូវមន្ត្រីកសិកម្មខេត្តកណ្ដាល ចាប់សាច់ពពែរបស់គាត់ រហូតធ្វើឱ្យមានការហួសចិត្តពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយសម្ដេចបានហៅថាជារឿងមិនអាចទទួលយកបាន និងឱ្យរដ្ឋមន្ត្រីកសិកម្មពិនិត្យដោះស្រាយបញ្ហានេះផងដែរ។

ទាក់ទងនឹងករណីនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចូលមកបញ្ជាក់ក្នុងសារឆ្លើយតបជូនចំពោះសម្ដេចតេជោ ថាករណីអាជ្ញាធរខេត្តកណ្ដាលចាប់នោះ កើតឡើងនៅ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។

មូលហេតុនៃការចាប់ គឺដោយសារពលរដ្ឋបានដឹកជញ្ជូនសាច់ពីខេត្តបន្ទាយមានជ័យ យកមកលក់ចំនួន ១៧គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាតមិនមែនជាករណីកាប់ហូបជាលក្ខណៈគ្រួសារនោះទេ។

លោកបន្ថែមថា៖ «ករណីនេះ មិនមែនជាការកាប់សាច់សត្វដើម្បីហូបជាលក្ខណៈគ្រួសារទេ ប៉ុន្តែជាប្រភេទអាជីវកម្មលើសាច់សត្វ ដោយប្រជាពលរដ្ឋបាននាំចូលសត្វពពែ មកពីខេត្តបន្ទាយមានជ័យ មកកាប់សាច់ លក់រាល់ថ្ងៃ ប្រជាជនទាំង ២៥នាក់ បាននាំចូលមួយថ្ងៃ៥០ក្បាល។ គាត់មិនព្រមចូល សត្តឃាតដ្ឋាន ហើយនៅតែកាប់តាមផ្ទះ ចោលសំណល់តាមដងទន្លេ ធ្វើឲ្យកខ្វក់បរិស្ថាន និងងាយចម្លងជំងឺដល់សត្វ ឬមនុស្ស»។

លោកបន្ថែមថា បើទោះបីអាជ្ញាធរជំរុញឱ្យ ពួកគាត់យកសត្វចូលទីសត្តឃាតក៏ដោយ ក៏ពលរដ្ឋទាំងនោះមិនព្រមអនុវត្តតាមនោះទេ ដោយសារកន្លងហួសមួយខែ ក្រុមពលរដ្ឋទាំងនោះនៅមិនទាន់ដោះស្រាយបញ្ហានេះ ទើបក្រុមមន្ត្រីចុះចាប់សាច់ អោយធ្វើកិច្ចសន្យាឈប់កាប់សាច់លក់តាមផ្ទះទៀត និងត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពិឃាតសត្វ។

បើតាមអភិបាលខេត្តកណ្ដាល ក្រោយពីទទួលបានអនុសាសន៍ពីសម្ដេចតេជោ នៅថ្ងៃទី២០ ខែកញ្ញាខាងមុខ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធ នឹងចុះសម្របសម្រួល និងផ្ដល់លក្ខណៈងាយស្រួលដល់ពលរដ្ឋដែលប្រកបអាជីវកម្មសាច់សត្វ ហើយក៏សម្របសម្រួលការងារបច្ចេកទេស និងចរចារតម្លៃរវាងម្ចាស់សត្តឃាតដ្ឋាន និងអ្នកប្រកបអាជីវកម្មសាច់សត្វ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក