ភ្នំពេញ: កម្ពុជា-អឺរ៉ុប នឹងបន្តកិច្ចប្រជុំលើខ្លឹមសារ សេចក្តីថ្លែងការរួមរបស់ប្រធានអង្គប្រជុំ ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ ពង្រឹងពហុភាគីនិយមសម្រាប់ចែករំលែកការរីកចំរើន។
ក្នុងសេចក្តីប្រកាសថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេសឱ្យដឹងថា ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃរវាង ឧត្តមមន្ត្រីអាស៊ីនិងអឺរ៉ុប ដែលបានចូលរួមប្រមាណ ៥១នាក់ រួមទាំងតំណាងអគ្គលេខាធិការអាស៊ាន សហភាពអឺរ៉ុប និងនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប ដែលធ្វើឡើងកាលពីថ្ងៃទី១៦ និង១៧កន្លងទៅ។ អង្គប្រជុំបានពិភាក្សាទៅលើសេចក្តីព្រាងសេចក្តីថ្លែងការប្រធានអង្គប្រជុំ ASEM13 ដែលជាឯកសារសំខាន់ក្នុងការយកទៅអនុម័តលើសេចក្តីព្រាងនៃកិច្ចប្រជុំកំពូលខាងមុខ។ ទោះជាយ៉ាងណាកិច្ចពិភាក្សានេះនៅមិនទាន់ចប់នៅឡើយ ដោយមន្ត្រីអាស៊ី និងអឺរ៉ុប គ្រោងនឹងពិភាក្សាបន្ថែមនៅពេលក្រោយទៀត។
ក្នុងការបិទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឹរ៉ុប លើកទី១៤ កាលពីឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រកាសជាផ្លូវការថាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នឹងត្រូវដឹកនាំដោយប្រទេសកម្ពុជានៅឆ្នាំ២០២១ ដោយបន្តពីប្រទេសប៊ែលហ្សិក។
ប្រធានបទដែលស្នើឡើងដោយកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ គឺទាក់ទងនឹងពហុភាគីនិយម កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាព៕