ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានសម្រេចនូវការផ្តល់វ៉ាក់សាំងជូនប្រជាជនប្រមាណ ២២,៦នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលជាចំនួនច្រើនស្ទើរតែគុណនឹង ៣ នៃចំនួនដែលក្រុមគ្រូពេទ្យសម្រេចបានប្រចាំថ្ងៃជាទូទៅ ខណៈមានរដ្ឋមួយចំនួនបានឆ្លៀតឱកាសយកការផ្តល់វ៉ាក់សាំងជូនពលរដ្ឋនេះគឺជាការអបអរសាទរចំពោះថ្ងៃខួបកំណើតតរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi តែម្តង។
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌាបានហៅការសម្រេចលើសផែនការវ៉ាក់សាំងទូទៅជាង ៣ដងនេះថា ជាកាដូថ្ងៃកំណើតរបស់លោកនាយករដ្ឋមន្រ្តី Modi ដែលកន្លងមកលោកធ្លាប់ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ធ្ងន់ៗនិងចំៗ ជុំវិញការបណ្តែតបណ្តោយ និងបណ្តាលឱ្យប្រជាជនឥណ្ឌារាប់លាននាក់ឆ្លង និងរាប់ម៉ឺននាក់ស្លាប់ដោយសារវីរុសកូវីដ-១៩។
លោកនាយករដ្ឋមន្រ្តី Narendra Modi បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា៖ "ប្រជាជនឥណ្ឌាគ្រប់រូបនឹងមានមោទនភាពចំពោះលទ្ធផលកំណត់ត្រាខ្ពស់បំផុតនៃប្រជាជនដែលទទួលបានវ៉ាក់សាំងកូវីដ-១៩នៅថ្ងៃនេះ។ សូមបន្តចូលរួមជំរុញនូវផែនការវ៉ាក់សាំងដើម្បីប្រយុទ្ធនិងយកឈ្នះទៅលើវីរុសកូវីដ-១៩"។
គួរបញ្ជាក់ថា កំណត់ត្រាខ្ពស់បំផុតនៃការផ្តល់វ៉ាក់សាំងជូនប្រជាជនក្នុងមួយថ្ងៃដែលធ្លាប់មានគឺ ១៤,១លាននាក់ កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ ខណៈរយៈពេលជាង ៣០ថ្ងៃចុងក្រោយ រដ្ឋាភិបាលឥណ្ឌាសម្រេចបាននូវការផ្តល់វ៉ាក់សាំងជូនប្រជាជនប្រមាណ ៧លាននាក់ក្នុងមួយថ្ងៃ។ ឥណ្ឌាដែលមានប្រជាជនសរុបប្រមាណ ១,៣៥ពាន់លាននាក់ បានចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងចំនួនជាង ៧៩១លានដូស ដែលជាចំនួនច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសចិន។
ឥណ្ឌា បានរាយការណ៍ពីករណីអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៣,៣លាននាក់ ខណៈអ្នកស្លាប់មានសរុបចំនួន ៤៤៤,២៤៨នាក់៕