សៀមរាប: រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសមួយ ដោយបែងចែកក្រុងសៀមរាប ជាតំបន់ក្រហមនិងលឿង ដោយនឹងចូលជាធរមាននៅម៉ោង ១រសៀល ថ្ងៃសុក្រនេះ សម្រាប់រយៈពេល ៧ថ្ងៃបន្ទាប់។
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ព្រមានថា តំបន់ក្រហម នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ដោយសារប្រជាជនមិនព្រមសហការតាមការណែនាំរបស់អាជ្ញាធរ។
លោក ទៀ សីហា លើកឡើងថា រដ្ឋបាលខេត្តបានរកឃើញជំងឺកូវីត-១៩ ជាពិសេសប្រភេទ Delta នៅតាមផ្សារមួយចំនួន។ លោកអភិបាលខេត្ត បានបន្ទោសពលរដ្ឋដែលមិនព្រមអនុវត្តន៍តាមវិធានការសុខភាព ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល លើសពីនេះទៀតពលរដ្ឋមួយចំនួនដែលមានរោគសញ្ញាកូវីដ-១៩ បានព្យាយាមលាក់បាំងពីបញ្ហាសុខភាពរបស់ពួកគេថែមទៀត។
សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសុក្រនេះ បានកំណត់តំបន់ក្រហម នៅសង្កាត់ស្លរក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់តាវៀន សាលាក្រុងព្រៃធំ និងភូមិស្រង៉ែ។ តំបន់លឿងត្រូវបានគេដាក់នៅផ្នែកផ្សេងទៀត នៃសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្នៀស និងសង្កាត់សំបួរ៕