ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដែលហៅកាត់ថា EBA មិនមែនជារឿងសំខាន់សម្រាប់កម្ពុជាទៀតទេ ខណៈរោងចក្របើកកាន់តែច្រើននៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅវិមានសន្តិភាពនាព្រឹកនេះថា ដោយសារស្ថេរភាពនយោបាយ និងសង្គមនៅកម្ពុជាមានភាពនឹងនរ បូករួមនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាព រោងចក្រជាច្រើនបានសម្រុកមកបើកនៅក្នុងប្រទេសកម្ពុជាដែលបានផ្ដល់ការងារជូនពលរដ្ឋ និងចំណូលដល់ជាតិជាច្រើន។ សម្ដេចបន្ថែមថា បញ្ហា EBA គឺមិនមែនជារឿងសំខាន់ទៀតនោះទេ។
សម្ដេចតេជោមានប្រសាសន៍ថា៖ «រោងចក្រ៤ដែលធ្លាប់ដេរម៉ាស់ ឥឡូវគេបង្វែរទៅដេរខោអាវវិញ ព្រោះការបញ្ជាទិញយ៉ាងច្រើន រឿងEBA មិនEBA វាមិនសំខាន់ទេ! វាអត់សំខាន់អីសម្រាប់កម្ពុជាទេ។ កម្ពុជានាំចេញ វាមិនត្រឹមតែបិទរោងចក្រ រោងចក្របើកថ្មី វាកាន់តែច្រើនទៅទៀត។ ព្រោះប្រេស៊ីលក៏ផ្គត់ផ្គង់មិនបាន បង់ក្លាដេសក៏ផ្គត់ផ្គង់មិនបាន មីយ៉ាន់ម៉ាក៏ផ្គត់ផ្គង់មិនបានឥឡូវប៉ះពាល់ដល់វៀតណាម គេមកសម្រុកទិញពីស្រុកខ្មែរព្រោះខ្មែរសុវត្ថិភាពជាង»។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេង សុខគង់ មានប្រសាសន៍ប្រាប់ EAC News ថា គិតត្រឹមខែកញ្ញានេះ ចំនួនរោងចក្រថ្មីដែលបានបើកនៅកម្ពុជាក្នុងឆ្នាំ២០២១ មានចំនួន១១៩រោងចក្រ ដែលមានដើមទុនវិនិយោគប្រមាណ ៧១២លានដុល្លារអាមេរិក ក្នុងនោះរោងចក្រដែលសុំបើកច្រើនជាងគេ គឺរោងចក្រកាត់ដេរសំលៀកបំពាក់ មាន៤៥រោងចក្រ ខណៈរោងចក្រផលិតវ៉ាលី កាបូបយូរដៃ និងស្បែកជើង មានចំនួន ១៩រោងចក្រ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចកាត់ផ្ដាច់ជា បណ្ដោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដែលរួមមានផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរជាដើម ដោយថាកម្ពុជាបានដើរខុសគោលការណ៍ដើម្បីបានការអនុគ្រោះនេះ គឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថាកម្ពុជាអាចនឹងខាតបង់ទឹកប្រាក់ចន្លោះពី ៥១៣លានដុល្លារ ដល់ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ ប្រសិនជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។
ជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវយុទ្ធនាការពង្រឹងឯករាជ្យភាពរបស់កម្ពុជា តាមរយៈការជួយដល់ធុរកិច្ច និងការកាត់បន្ថយភាពស្មុគស្មាញនៃការវិនិយោគ ដែលបានជួយដល់វិនិយោគក្នុងការបន្តការរកស៊ីរបស់ពួកគេ ក៏ដូចជារក្សាបាននូវលំនឹងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ៕