អាមេរិក៖ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង Unum បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុននឹងបញ្ចេញនូវផលិតផលឧបករណ៍ឌីជីថលថ្មីមួយប្រភេទ ដែលនឹងជួយសម្រួលដល់កិច្ចការងាររបស់ក្រុមហ៊ុនឯកជននានាពីកិច្ចការផ្ទៀងផ្ទាត់វ៉ាក់សាំងជាមួយបុគ្គលិក និយោជិតនៃក្រុមហ៊ុននីមួយៗ ថាតើពួកគេទាំងនោះមានបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយឬនៅ ក៏ដូចជាប្រវត្តិពាក់ព័ន្ធនឹងការឆ្លង និងប៉ះពាល់ជាមួយអ្នកកើតកូវីដ-១៩ ពីមុនមកជាដើម។
ការប្រកាសបញ្ចេញនូវឧបករណ៍តាមដានពីស្ថានភាពវ៉ាក់សាំងរបស់បុគ្គលិក និយោជិតនេះបានធ្វើឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីរដ្ឋបាលរបស់លោក ចូ បៃដិន បានដាក់បញ្ជាឱ្យក្រុមហ៊ុនធំៗនៅក្នុងសហរដ្ឋអាមេរិក គប្បីតម្រូវឱ្យបុគ្គលិករបស់ពួកគេទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានរួចរាល់ជាមុនសិន មុននឹងអនុញ្ញាតឱ្យចូលធ្វើការ។
ឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Unum នេះ នឹងអនុញ្ញាតឱ្យបុគ្គលិក និយោជិតទាំងអស់អាចរាយការណ៍ពីស្ថានភាពនៃការទទួលវ៉ាក់សាំងរបស់ខ្លួន ព្រមទាំងការដាក់បញ្ចូលនូវឯកសារវ៉ាក់សាំងរបស់ពួកគេផងដែរ។ ក្រៅពីនេះ ឧបករណ៍នេះក៏អាចឱ្យយើងអាចគ្រប់គ្រងនូវឯកសារនៃការធ្វើតេស្តស្វែងរកកូវីដ-១៩ ចំពោះបុគ្គលទាំងឡាយណាដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ដោយនឹងផ្ញើសាររំលឹកដោយផ្ទាល់ជាប្រចាំទៅកាន់បុគ្គលនោះ ព្រមទាំងជូនដំណឹងទៅម្ចាស់ក្រុមហ៊ុននោះផងដែរ។ ផលិតផលថ្មីនេះត្រូវបានគេឱ្យឈ្មោះថា ឧបករណ៍៍ផ្ទៀងផ្ទាត់ស្ថានភាពវ៉ាក់សាំង Unum ជួយឱ្យក្រុមហ៊ុនគ្រប់គ្រងការចាក់វ៉ាក់សាំង ឬការលើកលែងការចាក់វ៉ាក់សាំងដល់បុគ្គលិក រួមទាំងការស្នើសុំការលើកលែងផ្នែកវេជ្ជសាស្ត្រនិងមិនមែនវេជ្ជសាស្ត្រជាដើម។
សប្តាហ៍មុន ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសគោលនយោបាយដែលតម្រូវឱ្យនិយោជិកសហព័ន្ធភាគច្រើនទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ និងជំរុញនិយោជកធំៗ តម្រូវឱ្យបុគ្គលិករបស់ពួកគេចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ៗគ្នា និងតម្រូវឱ្យធ្វើតេស្តស្វែងរកកូវីដ-១៩ ជារៀងរាល់សប្តាហ៍ ឬជារៀងរាល់ខែផងដែរ៕