ភ្នំពេញ៖ ធនាគារជាតិបង្ហាញថាក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ ធនាគារពាណិជ្ជ និងឯកទេសនៅកម្ពុជាបានផ្ដល់ប្រាក់កម្ចីប្រមាណ១៣៧,៦ទ្រីលានរៀល ដែលស្មើប្រមាណ ៣៣ពាន់លានដុល្លារអាមេរិក កើនឡើងលើសឆ្នាំ២០២០ ប្រមាណ២២,៥ភាគរយ។
ក្នុងរបាយការណ៍វឌ្ឍនភាពវិស័យធនាគារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ធនាគារជាតិឱ្យដឹងថា ក្នុងចំណោមប្រាក់ដែលពលរដ្ឋខ្ចីនោះមាន ២៣,៤%ជាការខ្ចីឯកជន ១៥,៤%ជាការជួញដូររាយ ៩,៧%ជាការខ្ចីទៅសាងសង់សំណង់ និង ៨,៣%ជាកម្ចីទៅទិញអចលនទ្រព្យ។
ធនាគារជាតិក៏បានឱ្យដឹងផងដែរថា ប្រភពសំខាន់នៃមូលនិធិធនាគារគឺបានមកពី ប្រាក់បញ្ញើអតិថិជន ៦៨% មូលនិធិភាគទុនិក ១៩% និងបានពីកម្ចី ១៣%។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥២ស្ថាប័ន ធនាគារឯកទេសចំនួន១៤ គ្រឹះស្ថានមីក្រហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបញ្ញើ ៧៥ស្ថាប័ន។
ក្នុងឆ្នាំ២០២០ ចំនួនឥណទានដែលផ្ដល់ជូនពលរដ្ឋមានចំនួន ១២២,៤ទ្រីលានរៀល ដែលស្មើនឹង ៣០,២ពាន់លានដុល្លារ ដែលភាគច្រើននៃកម្ចីគឺយកទៅជួញដូររាយដែលមានទំហំ ១៥,៥%នៃកម្ចីសរុប៕