៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សរបស់សមាជិកអតីតបក្សសង្គ្រោះជាតិមួយបន្ថែមទៀត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃនេះ បានសម្រេចទទួលស្គាល់គណបក្សកែទម្រង់កម្ពុជា ដែលកើតចេញពីសមាជិកនៃអតីតបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។

គណបក្សកែទម្រង់កម្ពុជា ដែលមានស្នាក់ការនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្កើតឡើងដោយ សមាជិកជាន់ខ្ពស់នៃអតីតបក្សសង្គ្រោះជាតិ គឺលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម។

ក្នុងប្រការ២ នៃប្រកាសរបស់ក្រសួងមហាផ្ទៃ បានតម្រូវឱ្យបក្សនេះត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ។

នៅថ្ងៃនេះក្រសួងក៏បានចេញលិខិតមួយទៀត ជម្រាបទៅកាន់អតីតសមាជិកបក្សប្រឆាំងដែល បង្កើតបក្សនយោបាយមួយទៀត គឺលោក សៀម ភ្លុក តំណាង គណបក្សបេះដូងជាតិ ដែលសុំចុះបញ្ជី ដោយក្រសួងតម្រូវឱ្យបក្សនេះ កែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឱ្យបានត្រឹមត្រូវ បន្ទាប់ពីពិនិត្យថាគណបក្សមិនបានបំពេញលក្ខខន្តគ្រប់គ្រាន់ដើម្បីឱ្យក្រសួងទទួលស្គាល់បាននោះទេ។

ក្រោយពីរដ្ឋាភិបាលប្រកាសបើក ឱ្យសមាជិកអតីតបក្សប្រឆាំងដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយអាចស្នើសុំសិទ្ធិបានឡើងវិញ មានសមាជិកអតីតបក្សប្រឆាំងជាបន្តបន្ទាប់សុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយក៏បានបង្កើតគណបក្សនយោបាយឡើងវិញ។

ក្នុងនោះគណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលតំណាងដោយលោក សៀម ភ្លុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក