ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និរាករណ៍ប្រកាសស្ដីពីពន្ធលើប្រាក់បៀវត្ស ដែលមានអាយុកាលជិត២០ឆ្នាំចេញ ដាក់ជំនួសប្រកាសថ្មី ដោយថាដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ច និងធានាប្រសិទ្ធភាពនៃការប្រមូលពន្ធ។
ក្នុងប្រកាសស្ដីពី ពន្ធលើប្រាក់បៀវត្ស ចុះហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃទី៨ កញ្ញា បានកំណត់និរាករណ៍ប្រកាសស្ដីពីពន្ធលើប្រាក់បៀវត្សចាស់ដែលបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០០៤ និងជំនួសដោយប្រកាសថ្មីដែលនឹងអនុវត្តន៍ចាប់ពីពេលនេះតទៅ។
ក្នុងប្រកាសថ្មីនេះ បានដាក់បញ្ជូលអ្នកដែលធ្វើការនៅក្នុងប្រទេសកម្ពុជាទាំងអស់រួមទាំងជនបរទេសផងដែរ ត្រូវជាប់ពន្ធលើប្រាក់បៀវត្សទាំងអស់ លើកលែងតែបុគ្គលិកទូត និងរដ្ឋាភិបាលបរទេស អ្នកធ្វើការនៅអង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស និងបុគ្គលិកនៃគម្រោងជំនួយបច្ចេកទេស ដែលទទួលបានការរួចពន្ធពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
ប្រកាស២០នៃប្រកាសនេះចែងថា៖ « ការបង់ពន្ធលើប្រាក់បៀវត្ស និងប្រាក់ពន្ធលើអត្ថប្រយោជន៍បន្ថែមដែលបានកាត់ទុក ត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដែលបានកាត់ទុកដោយនិយោជកជូនរដ្ឋបាលសារពើពន្ធ ទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលបានកាត់ទុក » ។
ប្រកាស ៊ស្ដីពីពន្ធលើប្រាក់បៀវត្សចាស់ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ នឹងបានអនុវត្តន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៤មក ដែលចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក គាត ឈន់ ដែលគិតរហូតមកដល់ពេលនេះមានអាយុកាលជាង ១៧ឆ្នាំហើយ៕