TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ ណែនាំអំពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង»
ភ្នំពេញ ៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវសេចក្តីណែនាំផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក៏ដូចជាដើម្បីឈានទៅកាត់ផ្ដាច់ប្រភពចម្លងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១។
រដ្ឋបាលលរាជធានីភ្នំពេញថាជាគោលការណ៍សម្រាប់ "តំបន់ក្រហម” ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគត្រូវផ្អាកជាបណ្តោះអាសន្ន។
ដោយឡែក សម្រាប់ “តំបន់លឿងទុំ” និង “តំបន់លឿង” រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់ម្ហូបអាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ក្នុងអំឡុងពេលបិទខ្ចប់។
ចំពោះ “តំបន់លឿងទុំ” និង “តំបន់លឿង” រដ្ឋបាលរាជធានីភ្នំពេញណែនាំរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។ល។ និងអាចចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្មនៅម៉ោង ២០(ម្ភៃ) ជាកំហិត។
រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវកា ចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុង ក្នុង “តំបន់លឿងទុំ” និង “តំបន់លឿង” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ "៣ ការពារ និង ៣ កុំ" របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕