អាហ្វហ្គានីស្ថាន៖ ប្រមុខដឹកនាំកីឡាថ្មីរបស់អាហ្វហ្គានីស្ថានបានអះអាងថា កីឡាគ្រប់ប្រភេទទាំងអស់ ពោលរាប់ពីបាល់ទាត់ដល់ហែលទឹក រត់ប្រណាំងដល់ជិះសេះ ពោលគឺកីឡាជាង ៤០០ប្រភេទមិនត្រូវបានហាមឃាត់ឡើយ ក្រោមការដឹកនាំដោយរដ្ឋាភិបាលថ្មីនៃកងកម្លាំងក្រុមតាលីបង់។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ លោក Bashir Ahmad Rustamzai បានបដិសេធមិននិយាយពាក់ព័ន្ធនឹងការបើកសិទ្ធិឱ្យស្រ្តីចូលរួមក្នុងវិស័យកីឡាឡើយ ពោលគឺលោកបានឆ្លើយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា សូមមេត្តាកុំសួរនូវសំណួរផ្សេងៗពាក់ព័ន្ធនឹងស្រ្តី។ ជំនួបជាមួយអ្នកសារព័ត៌មាននេះបានធ្វើឡើងនៅក្នុងទីស្នាក់ការគណៈកម្មការអូឡាំពិកអាហ្វហ្គានីស្ថាន ក្រោយពេលដែលទីតាំងនេះនៅទំនេរគ្មានអ្នកគ្រប់គ្រងក្រោយការដើរចេញពីតំណែងរបស់ប្រធានអូឡាំពិកអាហ្វហ្គានីស្ថានចាស់ ដែលបានភៀសខ្លួនចេញពីប្រទេសក្រោយការកាន់កាប់អំណាចពីក្រុមតាលីបង់។
លោក Rustamzai ដែលធ្លាប់ជាម្ចាស់ជើងឯក និងជាអត្តពលិកកីឡាកុងហ្វូ និងចំបាប់នៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរដ្ឋាភិបាលថ្មីប្រកាសតែងតាំងលោកជាអគ្គនាយក អប់រំកាយ និងកីឡា នៃប្រទេសអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា លោក Rustamzai បានបញ្ជាក់សាចុះសាឡើងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានពុំមានផែនការក្នុងការបិទខ្ទប់ ឬរារាំងមិនឱ្យមានសកម្មភាពកីឡាឡើយក្នុងការដឹកនាំប្រទេសសាជាថ្មីនេះ។ យ៉ាងណាក៏ដោយ អំឡុងការដឹកនាំរបស់ក្រុមតាលីបង់នៅឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០១ គេសង្កេតឃើញថា ស្រ្តីត្រូវបានហាមឃាត់ដាច់ខាតពីសកម្មភាពកីឡា ខណៈប្រភេទកីឡារបស់បុរសត្រូវបានគ្រប់គ្រងយ៉ាងតឹងតែង។ មិនត្រឹមតែប៉ុណ្ណោះ ពីអតីតកាលកីឡដ្ឋាន និងទីតាំងសម្រាប់ការប្រកួតកីឡាធ្លាប់ត្រូវបានក្រុមតាលីបង់យកមកប្រើប្រាស់សម្រាប់ការកាត់ទោសប្រហារជីវិតជាសាធារណៈផងដែរ៕