
TOP NEWS: លោក ថាច់ សេដ្ឋា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ
(ភ្នំពេញ)៖ លោក ថាច់ សេដ្ឋា ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញហើយ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ តាមសំណើរក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។
អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៥រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ រហូតមកដល់ពេលនេះ។ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកាសម្រេចផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានព្រះមហាក្សត្រនៃកម្ពុជាតាមសំណើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជារួមមាន៖ ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី ទី៤៖ លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា និងទី១៥៖ លោក ថាច់ សេដ្ឋា៕