អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Gareth Bale នឹងត្រូវអវត្តមានពីការប្រកួតក្របខណ្ឌ UEFA Champions League ទល់នឹង Inter Milan នាថ្ងៃពុធស្អែកនេះ ក្រោយគ្មានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Carlo Ancelotti។ Bale បានអវត្តមានក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ក្នុងជ័យជម្នះ ៥-២ ក្នុងទឹកដី Santiago Bernabeu ទល់នឹងក្រុម Celta Vigo ដោយសារបញ្ហារបួសអំឡុងការហ្វឹកហាត់មុនការប្រកួត។ បញ្ហារបួស និងអវត្តមានពីទីលានកាលពីចុងសប្តាហ៍កន្លងទៅ មានន័យថា Bale នឹងត្រូវអវត្តមានពីជំនួបបើកឆាក Champions League ទល់នឹង Inter Milan នៅលើទឹកដីអ៊ីតាលី។
កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថា Bale មានបញ្ហារបួសសរសៃពួរ ដែលទំនងជានឹងអាចសម្រាកពីទីលានយ៉ាងហោចណាស់រហូតដល់ខែតុលាខាងមុខ ដែលមានន័យថាគេនឹងអវត្តមានយ៉ាងតិច ២ប្រកួតក្នុង Champions League ទល់នឹង Inter Milan និងក្លិបម៉ុលដូវ៉ា Sheriff ព្រមទាំងអវត្តមានយ៉ាងហោច ៤ប្រកួតក្នុងក្របខណ្ឌ La Liga ទល់នឹង Valencia, Mallorca, Villarreal, Espanyol ឬទំនងរហូតដល់ការប្រកួតទល់នឹង Bilbao ផងក៏ថាបាន។
យ៉ាងណាក្តី ទន្ទឹមនឹងអវត្តមាន Bale កីឡាករសំខាន់មួយចំនួនផ្សេងទៀតក៏នៅតែបន្តអវត្តមានពីបញ្ជីកីឡាករដោយសារបញ្ហារបួសផងដែររួមមានខ្សែបម្រើ Toni Kroos, ខ្សែការពារស្លាបឆ្វេង Ferlan Mendy និង Marcelo ក៏អវត្តមានដូចគ្នា ខណៈខ្សែការពារចំណូលថ្មី David Alaba ត្រឡប់មកក្នុងបញ្ជីកីឡាករឡើងវិញ ក្រោយអវត្តមានក្នុងប្រកួតទល់នឹង Celta Vigo កាលពីចុងសប្តាហ៍មុន។
Real Madrid បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Carlo Ancelotti កំពុងឈរនៅកំពូលតារាង La Liga ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ ៣ និងស្មើ ១ មាន ១០ ពិន្ទុក្នុងដៃ ស្មើជាមួយក្រុមលេខ ២ Valencia និងក្រុមលេខ ៣ At. Madrid៕