៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

សមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនមនុស្ស ៣០នាក់ ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីម្សិលមិញ

កណ្ដាល៖ សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់ខ្លួនមនុស្សចំនួន ៣០នាក់ ដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាមួយកាលពីម្សិលមិញរវាងបាតុករ និងសមត្ថកិច្ចនៅក្នុងស្រុកកណ្ដាលស្ទឹង។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃ១២ កញ្ញា រដ្ឋបាលខេត្តកណ្ដាលឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣០នាក់ ក្នុងនោះស្ដ្រី ២០នាក់ យកទៅសួរនាំនៅស្នងការដ្ឋានខេត្តកណ្ដាល ពាក់ព័ន្ធនឹងការការប្រើហិង្សាមកលើសមត្ថកិច្ចដែលធ្វើឱ្យកម្លាំងសមត្ថកិច្ចចំនួន ១៣នាក់រងរបួស។

រដ្ឋបាលខេត្តកណ្ដាលបានលើកឡើងថា៖ « រដ្ឋបាលខេត្តកណ្ដាល ពិតជាមានការសោកស្ដាយ ចំពោះទង្វើជ្រុលនិយម របស់ក្រុមមនុស្សដែលបានប្រព្រឹត្តខុសច្បាប់ ដែលអំពើនេះអាចនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្ដិសុខ និងការបំភ្លេចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ប្រទេសជាតិ » ។

ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានឱ្យ EAC News ដឹងថានៅពេលនេះនគរបាលនៃស្នងការដ្ឋានកំពុងសួរនាំពួកគេនៅឡើយ ខណៈចំណាត់ការយ៉ាងណាបន្តទៀតលោកមិនទាន់អាចបញ្ជាក់បាននោះទេ។

បើតាមអាជ្ញាធរ ការឃាត់ខ្លួនមនុស្សទាំង ៣០នាក់នេះ គឺដោយសារតែកាលពីម្សិលមិញមានពលរដ្ឋប្រមាណ ១០០នាក់ បានប្រមូលផ្ដុំគ្នាប្រើអំពើហិង្សា និងជេរប្រមាថ ដោយបានដុតកង់កៅស៊ូកង់ និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង លើកងកម្លាំងមានសមត្ថកិច្ចដែលឈរការពារនៅទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ដែលធ្វើឱ្យសមត្ថកិច្ច១៣នាក់រងរបួស។

ទោះជាយ៉ាងណា ពលរដ្ឋម្នាក់ដែលថានៅក្នុងហេតុការណ៍នោះ លោក ទួន វណ្ណៈ មានប្រសាសន៍ប្រាប់ EAC News ថា ដំបូងឡើយពលរដ្ឋគ្រាន់តែតវ៉ាស្នើសុំចូលទៅមើលដីគាត់ដែលបានអាជ្ញាធររារាំងតែប៉ុណ្ណោះ តែដោយសារអាជ្ញាធរមិនអនុញ្ញាតពលរដ្ឋក៏ចាប់ផ្ដើមដុតភ្លើងបង្ហាញការមិនពេញចិត្ត ស្រាប់តែអាជ្ញាធរយកឡានពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើង និងបាញ់មកលើពលរដ្ឋ រួមទាំងដេញចាប់ពលរដ្ឋដែលតវ៉ាថែមទៀត។

លោកថា៖ « ការឃាត់ខ្លួនពលរដ្ឋនេះគឺជារឿងដែលខុសច្បាប់ព្រោះថា ចាប់ដោយគ្មានដីកាចាប់ខ្លួនទេ! »

លោកស្នើឱ្យមានការដោះលែងពលរដ្ឋទាំង ៣០នាក់នោះមកវិញផងដែរ។

ពលរដ្ឋដែលមានជម្លោះជាមួយ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកបាទី ខេត្តតាកែវ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ថា គម្រោងអភិវឌ្ឍន៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ ដែលមាន ៤៩៨ក្បាលដី ក្នុងទំហំដីសរុបជាង១លានម៉ែត្រការ៉េ (១ ៦៦៣ ០៣៥)។

បើតាមពលរដ្ឋ ពួកគេយល់ព្រមលក់ឱ្យក្រុមហ៊ុន និងបញ្ឈប់ការតវ៉ា លុះត្រាតែក្រុមហ៊ុនផ្ដល់សំណងសមរម្យតាមតម្លៃទីផ្សារជូនពួកគេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក