អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool, Jurgen Klopp បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង ក្រោយពីកីឡាករវ័យក្មេង Harvey Elliott បានរងរបួសភ្លាត់ឆ្អឹងក-ជើង ប្រឈមនឹងការសម្រាកពីទីលានក្នុងរយៈពេលវែង ក្នុងជំនួបដែល Liverpool ឈ្នះ Leeds United ក្នុងសប្តាហ៍ទី៤ ក្របខណ្ឌ Premier League យប់ថ្ងៃអាទិត្យម្សិលមិញ។
Elliott ដែលត្រូវបានអ្នកគាំទ្រកំពុងសម្លឹងឃើញថាស្ថិតក្នុងទម្រង់នៃការបង្ហាញខ្លួនដ៏លេចធ្លោនារដូវកាលនេះ ក្រោយមានការប៉ះទង្គិចជាមួយកីឡាករ Pascal Struijk នៅក្នុងនាទីទី៦០ នឹងត្រូវបានលោក Jurgen Klopp សម្រេចផ្លាស់ប្តូរភ្លាមៗដោយសាររបួសធ្ងន់ធ្ងរពេក និងជំនួសមកវិញដោយ Jordan Henderson។ Elliot ត្រូវបានក្រុមគ្រូពេទ្យមកសម្រួលឱ្យឆ្អឹងក-ជើងចូលទៅកាន់ទីតាំងដើមវិញ មុននឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីតាមដានស្ថានភាពរបួស។
លោក Jurgen Klopp ក្រោយចប់ការប្រកួតបាននិយាយថា៖ "វាគឺជាស្ថានភាពរបួសដ៏អាក្រក់មួយ! គេបានបង្ហាញទម្រង់លេងអស្ចារ្យសាជាថ្មីម្តងទៀត ដែលប្រាកដណាស់គេជាកីឡាករដ៏អស្ចារ្យម្នាក់។ ប៉ុន្តែឥលូវគេត្រូវបង្ខំចិត្តសម្រាកពីទីលានហើយ។ ចំពោះខ្ញុំសួរថាខ្ញុំចង់ឃើញកីឡាករវ័យក្មេងដូចជា Elliot ជួបបញ្ហានេះទាំងវ័យក្មេងក្នុងអាជីពឬទេ?? ប្រាកដណាស់ចម្លើយគឺទេ! ប៉ុន្តែពេលនេះយើងត្រូវប្រឈមមុខ និងស៊ូជាមួយបញ្ហានេះ"។
ក្រោយចប់ការប្រកួតនេះ លោក Marcelo Bielsa បាននិយាយថា លោកពិតជាសោកស្តាយដែលកីឡាករវ័យក្មេងកំពុងពេឡទម្រង់ល្អដូចជា Elliott ត្រូវជួបបញ្ហារបួស ប៉ុន្តែយ៉ាងណាមិញលោកសង្ឃឹមថាគេនឹងអាចជាសះស្បើយ និងត្រឡប់មកបង្ហាញខ្លួនលើទីលានឡើងវិញ។ ដោយឡែក ក្រោយការប៉ះទង្គិចនេះ កីឡាករ Pascal Struijk ត្រូវបានអាជ្ញាកណ្តាល Craig Pawson ផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតផងដែរ ខណៈអ្នកចាត់ការ ព្រមទាំងថ្នាក់ដឹកនាំក្លិប Leeds United បានបង្ហាញការមិនពេញចិត្ត និងបានលើកឡើងថា ហេតុការណ៍នេះគឺជារឿងចៃដន្យ និងជាកំហុសអចេតនាក្នុងនាមជាខ្សែការពារប៉ុណ្ណោះ៕