អង់គ្លេស៖ អ្នកចាត់ការ Ole Gunnar Solskjaer និយាយថា លោកនឹងព្យាយាមប្រយ័ត្នប្រយែងអំពីពេលវេលានៃការបង្ហាញខ្លួនលើទីលានរបស់កីឡាករ Cristiano Ronaldo ដែលលោកនឹងធ្វើយ៉ាងណាលៃឱ្យមានតុល្យភាពជាមួយវ័យ និងកម្លាំងកាយនៃកីឡាករវ័យ ៣៦ឆ្នាំរូបនេះ។ ការលើកឡើងខាងលើនេះ ក្រោយពេលដែលអ្នកគាំទ្រ Manchester United ភាគច្រើនបានសំដែងអារម្មណ៍ពេញចិត្តពេញថ្លើមជាខ្លាំង ក្រោយការបង្ហាញខ្លួនប្រកួតដំបូងរបស់ Ronaldo និងការរកគ្រាប់បាល់បញ្ចូលទី ២គ្រាប់ក្នុងជំនួបទល់នឹង Newcastle United កាលពីថ្ងៃសៅរ៍កន្លងទៅ។
បេសកកម្មបន្តរបស់ Manchester United នឹងត្រូវបន្តការប្រកួតក្របខណ្ឌ Champions League ដោយនឹងធ្វើដំណើរទៅកាន់ទឹកដីស្វីស ជួបជាមួយក្រុម BSC Young Boy ខណៈលោក Ole ខ្លួនឯងផ្ទាល់ក៏បានលើកឡើងថា ប្រាកដណាស់ការប្រកួតនេះ លោកមិនអាចទុក Ronaldo ឱ្យសម្រាកបានឡើយ។ អ្នកចាត់ការសញ្ជាតិណ័រវេយ៍ខាងលើនិយាយថា៖ "ជារឿងមិនអាចទៅរួចឡើយដែលយើងទុក Ronaldo ចោលមិនដាក់គេចូលក្នុងបញ្ជីកីឡាករ! ប៉ុន្តែយ៉ាងណាក្តី Ronaldo វ័យ ៣៦ឆ្នាំ Mason Greenwood វ័យ ១៩ឆ្នាំ ដែលតួនាទីខ្ញុំនឹងត្រូវចាត់ចែងពេលវេលានៃការបង្ហាញខ្លួនរបស់កីឡាករម្នាក់ដោយប្រុងប្រយ័ត្នបំផុត។ ប្រាកដណាស់ថា យើងនឹងត្រូវពិនិត្យមើលលើការបង្ហាញខ្លួនរបស់គ្រប់ៗគ្នា ហើយច្បាស់ណាស់ថា Ronaldo ដែលមានវ័យ៣៦ឆ្នាំទៅហើយនោះ គេអាចនឹងរត់បានពេញ ៩០នាទីគ្រប់ប្រកួតបានឡើយ"។
គួរបញ្ជាក់ថា Manchester United បច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ក្រោយឆ្លងកាត់ ៤ប្រកួតមាន ១០ពិន្ទុស្មើគ្នាជាមួយ Liverpool និង Chelsea។ ក្រោយបញ្ចប់ការប្រកួតទល់នឹង Young Boy នៅយប់ថ្ងៃអង្គារស្អែកនេះ Manchester United នឹងត្រូវបន្តដំណើរទៅកាន់ទឹកដីកីឡដ្ឋាន ទីក្រុងឡុងដ៍ ជួប West Ham នៅសប្តាហ៍ទី៥ ក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ ទី១៩ មុនបន្តស្វាគមន៍ West Ham ដដែលនៅក្នុងទឹកដី Old Trafford វិញសម្រាប់ការប្រកួតពាន EFL Cup នៅថ្ងៃពុធសប្តាហ៍ក្រោយ៕