ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថាតើសម្ដេចមានកំហុសឬទេពេលដែលទាក់ទងជាមួយចិន នឹងទទួលបានសមិទ្ធផលដូចបច្ចុប្បន្ននេះ? ដោយសម្ដេច ស្នើដល់អ្នកដែលចាប់កំហុសរបស់សម្ដេចទាក់ទងនឹងការរាប់អានចិនឱ្យលើកទល្ហីករណ៍ឱ្យបានត្រឹមត្រូវមកបកស្រាយ។
ថ្លែងក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានមរតកតេជោ នៅរសៀលនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានប្រទេសណាអាចជំនួសចិនបាននោះទេក្នុងការជួយប្រទេសកម្ពុជា រាប់ចាប់តាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា តាមរយៈជំនួយចិនបានធ្វើឱ្យកម្ពុជារីកចំរើន និងក្លាយជាប្រទេសមួយដែលអាចឆ្លើយតបជំងឺកូវីដ-១៩ បានល្អជាងគេមួយក្នុងពិភពលោក លើសពីនោះទៀតកម្ពុជានឹងទទួលបានផលប្រយោជន៍បន្ថែមទៀតទៅថ្ងៃមុខ តាមរយៈគម្រោងខ្សែក្រវ៉ាត់និងផ្លូវ និងផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនផងដែរ។
សម្ដេចតេជោមានប្រសាសន៍ថា៖ « អរគុណចំពោះបក្ស និងប្រជាជនចិន ដែលបានគាំទ្រនូវគម្រោងទាំងឡាយនៅកម្ពុជា ជាពិសេសកាត់បន្ថយការស្លាប់ និងចូលពេទ្យរបស់ប្រជាជនកម្ពុជាដោយសារតែបានទទួលវ៉ាក់សាំង (ការពារជំងឺកូវីដ-១៩)។ នោះហើយដែលយើងមើលឃើញថា មិត្តល្អគឺជួយគ្នាក្នុងពេលមានអាសន្ន » ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការរាប់អានជាមួយប្រទេសចិនគឺជាការរាប់អានដែលជឿទុកចិត្ត គោរព និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ហើយមិត្តភាពនេះនឹងគ្មានការរង្គោះរង្គើរណាមួយនោះទេ បើទោះបីរងសម្ពាធពីណាក៏ដោយ៕