ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កើតនៅឆ្នាំ១៩៥៣ និងបានចូលរួមជាមួយបក្សកុម្មុយនីស្តចិននៅឆ្នាំ១៩៨១។
លោកបានបញ្ចប់បរិញ្ញាបត្រភាសាជប៉ុននៅឆ្នាំ១៩៨២ ក្រៅពីនោះលោកក៏មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចផងដែរ។
លោកបានចាប់ផ្ដើមការងារដំបូងរបស់លោកនៅឆ្នាំ១៩៦៩ ធ្វើជាកម្មករ ជាអ្នករត់សំបុត្រ ជាអ្នកឆ្លើយតបសារព័ត៌មាននៃកងវរៈសេនាតូច និងជាលេខាផ្សព្វផ្សាយស្ដីទីរបស់បក្សកុម្មុយនីស្តនៅក្នុងខេត្ត ហៃ ឡុង ជាំ ង។
ឆ្នាំ១៩៨២ លោកបានធ្វើការនៅក្នុងក្រសួងការបរទេសចិនជាលើកដំបូង គឺជាសមាជិកនាយកដ្ឋានកិច្ចការអាស៊ី មុននឹងក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៅឆ្នាំ១៩៩៥។
លោកបានក្លាយជាសមាជិកគណៈកម្មការមជ្ឈឹមបក្សកុម្មុយនីស្តចិននៅឆ្នាំ១៩៩៨។ ក្នុងឆ្នាំដដែលនោះលោកត្រូវបានតែងតាំងជាជំនួយការរដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវគោលនយោបាយផងដែរ។
ពីឆ្នាំ២០០១ ដល់២០០៤ លោកបានក្លាយជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន មុននឹងបានធ្វើជាឯកអគ្គរដ្ឋទូតចិនតំណាងនៅប្រទេសជប៉ុននៅឆ្នាំ២០០៤។
នៅឆ្នាំ២០០៧ លោកបានក្លាយជាលេខាធិការនៃគណៈកម្មការបក្សចិន ហើយនៅឆ្នាំ២០១៣ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសចិន។ លោកទទួលបានមុខងារបន្ថែមជាទីប្រឹក្សារដ្ឋចិន ឆ្នាំ២០១៨ និងជាសមាជិកគណៈកម្មាធិការ មជ្ឈិមលើកទី១៧ រហូតដល់លើកទី១៩ នៃគណបក្សកុម្មុយនិស្ដចិនផងដែរ។
លោក វ៉ាង យី នឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែកញ្ញានេះ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា លោកនឹងអញ្ចើញចូលរួមក្នុងពិធីប្រគល់ និងទទួលពហុកីឡាដ្ឋានមរតកតេជោ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអញ្ជើញធ្វើជាសាក្សី និងអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ៕