ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបង្កើតក្រុមការងារមួយដើម្បីប្រមូលព័ត៌មាន និងឆ្លើយបំភ្លឺនូវរាល់ព័ត៌មានអវិជ្ជមាននានាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស គ.ជ.ប និងធ្វើឱ្យមានការភាន់ច្រលំបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។
ក្នុងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារនេះ គ.ជ.ប តែងតាំងមនុស្សចំនួន៨នាក់ដែលក្នុងនោះដឹកនាំដោយលោក ឌឹម សុវណ្ណារ៉ំ ដែលជាសមាជិក គ.ជ.ប មួយរូបផងដែរ។
ក្រុមការងារនេះ មានតួនាទីប្រមូល និងចងក្រងរាល់ព័ត៌មានទាក់ទងនិងគ.ជ.ប ទាំងវិជ្ជមាន និងអវិជ្ជមាន រៀបចំផែនការ ក៏ដូចជាវិធានការទប់ស្កាត់មតិអវិជ្ជមានទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់ គ.ជ.ប និងធ្វើការការឆ្លើយបំភ្លឺគ្រប់មធ្យោបាយទៅកាន់ព័ត៌មានដែលបានផ្សព្វផ្សាយដែលជះឥទ្ធិពលដល់ គ.ជ.ប និងដំណើរការបោះឆ្នោត។
ការបង្កើតក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នៅពេលនេះ គឺស្របពេលដែលកម្ពុជាកំពុងរៀបចំការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែតុលា ខាងមុខ ខណៈការបោះឆ្នោតជាតិជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទទី ៥ខែ មិថុនា ឆ្នាំ២០២២៕