ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ត្រូវបានបញ្ជាឱ្យត្រលប់ចូលប្រទេសវិញ ក្រោយពី លោកបានបញ្ចប់អាណត្តិការទូត ៥ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងរាជក្រឹត្យចុះថ្ងៃទី ១ មិថុនា ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រសម្ដេចនរោត្តម សីហមុនី បានផ្លាស់លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េឱ្យវិលចូលប្រទេសវិញ ដោយមូលហេតុបេសកម្មការទូតបានបញ្ចប់។
ក្នុងព្រះរាជក្រឹត្យដដែលក៏បានតែងតាំង លោកស្រី ជ្រឹង បុទុមរង្ស៊ី ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេសត្រូវឡើងកាន់តំណែងបន្តពីលោក ឡុង ឌីម៉ង់ផងដែរ។
ក្រៅពីលោកស្រី ជ្រឹង បុទុមរង្ស៊ី រដ្ឋាភិបាលក៏បានតែងតាំងលោក ថៃ ជុន ដែលជាអគ្គនាយកសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការបរទេសឱ្យធ្វើជា អគ្គរាជទូតប្រចាំប្រទេសសាធារណរដ្ឋប៊ុលហ្គារី រ៉ូម៉ានី សាធារណរដ្ឋក្រិក និងរដ្ឋស៊ីបផងដែរ ខណៈលោក ណូយ ជំនាញ ដែលជាអគ្គនាយករងអាស៊ាននៃក្រសួងការបរទេសឱ្យធ្វើជា អគ្គរាជទូតកម្ពុជាងអមលេខាធិការដ្ឋានអាស៊ានផងដែរ។
លោកឡុង ឌីម៉ង់ ត្រូវបានរដ្ឋាភិបាលកម្ពុជាតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦ បន្តតំណែងពីលោក ស៊ុត ឌីណា ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយដ៏ចម្រូងចម្រាស់មួយ ក្នុងពេលដែលគាត់កាន់តំណែង៕