ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចនឹងរៀបចំនីតិវិធីចាប់ខ្លួនសកម្មជនប្រឆាំងដែលរត់គេចខ្លួនយកមកអនុវត្តន៍ទោស

ភ្នំពេញ៖ នគរបាលកម្ពុជានឹងរៀបចំនីតិវិធីទៅកាន់ប្រទេសពាក់ព័ន្ធ ដែលសកម្មជនប្រឆាំងកំពុងជ្រកកោន និងត្រូវបានតុលាការកម្ពុជាកាត់ទោសរួច ស្នើសុំឱ្យចាប់ខ្លួនបញ្ជូនមកអនុវត្តន៍ទោសនៅកម្ពុជាវិញ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន មានប្រសាសន៍ប្រាប់ EAC News ថានគរបាលជាតិត្រៀមរួចរាល់ហើយដើម្បីអនុវត្តតាមសាលក្រមតុលាការ។

លោកថា៖ « អត់បញ្ជាក់បានថាយើងនឹងធ្វើដោយរបៀបណាទេ! ក៏ប៉ុន្ដែនៅពេលដែលយើងទទួលបានសាលក្រមពីតុលាការ យើងនឹងចាត់ចែងតាមនីតិវិធីរបស់នគរបាល » ។

កាលពីថ្ងៃទី៩ កញ្ញាម្សិលមិញ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បានផ្ដន្ទាទោសអតីតសកម្មជនបក្សប្រឆាំង៧រូប ដាក់ពន្ធនាគារម្នាក់ៗ១៨ខែ និងពិន័យប្រាក់២លានរៀល ក្រោមបទចោទប្រកាន់ “ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទាំង៧រូបមកដាក់ពន្ធនាគារផងដែរ។

សកម្មជនបក្សប្រឆាំងដែលរត់គេចខ្លួននោះរួមមាន ឈ្មោះ រិន រដ្ឋ, រុន ចន្ធី, ម៉ៅ វិបុល, ស៊ឹម សុភា និង នាង សុឃុន ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ឈ្មោះ ពេជ្រ សំបូរ កំពុងរស់នៅប្រទេសបារាំង និងព្រះសង្ឃ នូ សុធា នៅប្រទេសកាណាដា។

ប្រទេសបារាំង និងប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសដែលកម្ពុជាមាន “បត្យាប័ន” ក្នុងការនាំខ្លួនជនសង្ស័យ ឬទណ្ឌិតដែលប្រព្រឹត្តិបទឧក្រិដ្ឋយកមកអនុវត្តន៍ទោសកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា គ្មានជនល្មើសណាម្នាក់អាចរត់គេចខ្លួនផុតពីច្បាប់បាននោះទេបើទៅដល់ប្រទេសផ្សេងក៏ដោយ។ លោកបន្ថែមថា កម្ពុជានៅតែអាចនាំខ្លួនទណ្ឌិតទាំងនោះបានតាមរយៈការស្នើសុំបត្យាប័នពីប្រទេសដៃគូ និងមួយទៀតគឺការអនុវត្តកិច្ចសហប្រតិបត្តការក្នុងវិស័យព្រហ្មទណ្ឌ។

លោកមានប្រសាសន៍ថា៖ « កាលណាតុលាការចេញសាលក្រមផ្តន្ទាទោសហើយមាន ដីកាបង្គាប់ឱ្យចាប់ខ្លួន ដូច្នេះទោះបីទណ្ឌិតទោះបីរត់ទៅដល់ប្រទេសណាក៏ដោយ ក៏សមត្ថកិច្ចនឹងធ្វើការដើម្បីចាប់យកទណ្ឌិតដែលរត់គេចខ្លួននោះយកមកផ្ដន្ទាទោសនៅកម្ពុជាវិញហើយ » ។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងរត់គេចខ្លួននៅប្រទេសថៃ លោក ម៉ៅ វិបុល បានសរសេរលើហ្វេសបុករបស់លោកកាលពីម្សិលមិញ ដោយចាត់ទុកថាការផ្តន្ទាទោសលោក និងមនុស្ស៦នាក់ផ្សេងទៀតនោះគឺជារឿងនយោបាយ។

លោកសរសេរថា៖ « សាលក្រមឲ្យរូបខ្ញុំជាប់គុក ១៨ ខែ និងពិន័យជាប្រាក់ ២ លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងនធ្ងរដល់សន្តិសុខសង្គម។ វាជារឿងគួរឱ្យអស់សំណើចបំផុត ដែលរូបខ្ញុំជាអ្នកនយោបាយ នឹងយុវជនគណបក្សប្រឆាំង »។

ក្រោយពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីខែ វិច្ឆិកា ឆ្នាំ២០១៧ សកម្មជនប្រឆាំងបក្សប្រឆាំងជាង១០០នាក់ត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់ពីបទ “រួមគំនិតក្បត់ និងញុះញង់” ដោយអ្នកខ្លះបានរត់គេចខ្លួនទៅក្រៅប្រទេស ហើយមួយចំនួនទៀតត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនមកអនុវត្តទោសជាបន្តបន្ទាប់ផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក