អាហ្វ្រិកខាងត្បូង៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac Biotech នឹងចាប់ផ្តើមការផ្តល់វ៉ាក់សាំងប្រភេទ Sinovac របស់ខ្លួនទៅលើកុមារ និងយុវវ័យនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថាជាជំហានទី៣ ក្នុងការសិក្សាបន្ថែមលើការផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Numolux Group ដែលជាដៃគូរបស់ក្រុមហ៊ុន Sinovac ក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានបញ្ជាក់ប្រាប់។
ស្ថាប័័នខាងលើក៏បានបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងឱ្យកុមារ និងយុវវ័យនេះនឹងធ្វើការសិក្សាបន្ថែម ព្រមទាំងប្រមូលនូវទិន្នន័យសរុបសម្រាប់ការវាយតម្លៃពីប្រសិទ្ធិភាព, កម្រិតភាពស៊ាំ និងសុវត្ថិភាព ខណៈយុទ្ធនាការផ្តល់វ៉ាក់សាំង CoronaVac នេះនឹងផ្តល់ជូននូវវ៉ាក់សាំងដល់ទារកចាប់ពីវ័យ៦ខែ រហូតដល់យុវវ័យអាយុ ១៧ឆ្នាំ។
ការសិក្សាសាកល្បងនេះនឹងត្រូវធ្វើជាមួយអ្នកទទួលវ៉ាក់សាំងចំនួនជាង ១៤,០០០នាក់មកពីប្រទេសឈីលី, ហ្វីលីពីន, ម៉ាឡេស៊ី និងកេនយ៉ា ខណៈអាហ្វ្រិកខាងត្បូងមានការសាកល្បងលើមនុស្សចំនួន ២,០០០នាក់ផងដែរ។
ការសាកល្បងវ៉ាក់សាំងនេះបានទទួលការអនុម័តដោយស្ថាប័នត្រួតពិនិត្យប្រសិទ្ធិភាពឱសថអាហ្វ្រិកខាងត្បូង (SAHPRA) ខណៈកុមារដំបូងដែលត្រូវទទួលវ៉ាក់សាំងនឹងធ្វើឡើងនៅអង្គភាពស្រាវជ្រាវ MeCRU ដែលមានមូលដ្ឋានស្ថិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល Sefako Makgatho នៅថ្ងៃសុក្រនេះផ្ទាល់។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងធ្លាប់បានបញ្ជាក់ពីការប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Sinovac សម្រាប់ការជំរុញឱ្យពលរដ្ឋបានទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាក្នុងគោលដៅបង្កើនភាពស៊ាំក្នុងសហគមន៍ ខណៈកន្លងមករដ្ឋាភិបាលធ្លាប់បានប្រកាសអំពិការចុះបញ្ជីប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer និង Jonhson & Jonhson សម្រាប់ចាក់ជូនប្រជាពលរដ្ឋផងដែរ។ បច្ចុប្បន្ននេះ អាហ្វ្រិកខាងត្បូងទើបតែផ្តល់ជូនវ៉ាក់សាំងឱ្យពលរដ្ឋខ្លួនបានប្រមាណ ១០លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបជាង ៦០លាននាក់ ខណៈរដ្ឋាភិបាលមានគោលដៅក្នុងការផ្តល់ជូននូវវ៉ាក់សាំងឱ្យពលរដ្ឋបានយ៉ាងហោចណាស់ ៤០លាននាក់៕