ចិន៖ ខ្សែប្រយុទ្ធជម្រើសជាតិចិន Wu Lei បានលើកឡើងថា មិត្តរួមក្រុមក៏ដូចជាកីឡាករជនជាតិចិនផ្សេងទៀត គប្បីព្យាយាមរកឱកាសប្រកួតប្រជែង និងស្រូបយកបទពិសោធន៍បាល់ទាត់ពីទ្វីបអឺរ៉ុប ដើម្បីមកពង្រឹងសមត្ថភាពជាមួយជម្រើសជាតិ ជាពិសេសអាចឈានដល់កម្រិតប្រកួតប្រជែងជាមួយក្រុមខ្លាំងៗផ្សេងទៀតក្នុងតំបន់អាស៊ី។
ការលើកឡើងបែបនេះ ក្រោយពីក្រុមជម្រើសជាតិចិនដែលដឹកនាំដោយលោក Li Tie បានរំកិលធ្លាក់ដល់ចំណាត់ថ្នាក់បាតតារាងពូល B ក្រោយពីបរាជ័យផ្ទួនៗក្នុងការប្រកួតជម្រុះ FIFA World Cup ទល់នឹងអូស្រ្តាលី និងជប៉ុន ពោលគឺពុំទាន់មានពិន្ទុរាប់នៅឡើយ ដោយគេស៊ុតចូល ៤គ្រាប់ និងគ្មានគ្រាប់ស៊ុតចូលគូប្រកួតសោះតែម្តង។
Wu បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គេថា៖ "ជាសំណាងមិនល្អ! ខ្ញុំមិនបានបង្ហាញខ្លួនល្អដូចការរំពឹងទុកឡើយក្នុងការប្រកួតបើកឆាក ២ប្រកួតកន្លងទៅ! ទាំងលទ្ធផល ទាំងការបង្ហាញទម្រង់លេងធ្វើឱ្យយើងឃើញកាន់តែច្បាស់ណាស់អំពីគម្លាតនៃក្រុមផ្សេងទៀតជាមួយពួកយើង។ ក្រោយចប់ការប្រកួត មានតែខ្ញុំប៉ុណ្ណោះដែលត្រឡប់ទៅកាន់អឺរ៉ុបវិញ ខណៈក្រុមជប៉ុនដែលទើបតែប៉ះជាមួយយើងបានវិលទៅកាន់ក្លិបរបស់គេនៅអឺរ៉ុបវិញរៀងៗខ្លួនស្ទើរតែទាំងអស់"។ ខ្សែប្រយុទ្ធក្លិប Espanyol ខាងលើបានលើកឡើងបន្ថែមថា កន្លងមកគេធ្លាប់បានបញ្ចុះបញ្ចូល និងចង់ឱ្យមិត្តរួមក្រុមដែលគេស្គាល់ផ្សេងទៀត ឱ្យមកលេងនៅអឺរ៉ុបដើម្បីទទួលអារម្មណ៍នៃការប្រកួតប្រជែង និងបរិយាកាសបាល់ទាត់នៃទ្វីបមួយនេះផងដែរ។
លោកប្រធានាធិបតី Xi Jinping កន្លងមកធ្លាប់បានសន្យាថា នឹងកែប្រែធ្វើឱ្យចិនក្លាយជាប្រទេសខ្លាំងមួយក្នុងវិស័យបាល់ទាត់ ប៉ុន្តែមែនទែនទៅ ចិនពុំដែលបានបង្ហាញខ្លួនឡើយក្នុងការប្រកួត World Cup ខណៈលើកចុងក្រោយបង្អស់ដែលចិនបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ពិភពលោកគឺនៅឆ្នាំ២០០២ ម្តងគត់ ខណៈលទ្ធផលធ្លាក់ក្នុងវគ្គចែកពូល៕