អង់គ្លេស៖ វីរបុរស ក្លិប Manchester United និងជាអតីតប្រធានក្រុម Wayne Rooney បានលើកឡើងថា ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបត្រឡប់មកចូលរួមជាមួយ Manchester United ឡើងវិញនោះ នឹងអាចលេងបាល់ក្នុងនាមជាកីឡាករអាជីពបានរហូតដល់វ័យ ៤០ឆ្នាំឯណោះ បើផ្អែកលើទម្រង់លេង និងការរក្សាកាយសម្បទារបស់កំពូលកីឡាកររូបនេះនាពេលបច្ចុប្បន្ន។
Rooney ដែលបច្ចុប្បន្ននេះជាអ្នកចាត់ការក្រុមលេងនៅលីគទី២ Derby County បានលើកឡើងថា៖ "គ្រាដែល Ronaldo ជាកីឡាករនៅ Man Utd គេជាអ្នកដែលមានសមត្ថភាពក្នុងការញាក់ ជាមួយល្បឿន និងថាមពលដែលមានកម្រិតខ្ពស់"។ គួរបញ្ជាក់ថា Ronaldo បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ ធ្លាប់បង្ហាញខ្លួននៅ Man Utd រយៈពេល ៦រដូវកាល ពីឆ្នាំ២០០៣ ដល់ ២០០៩ មុនផ្ទេរទៅកាន់ Real Madrid និង Juventus មុននឹងចូលរួមជាមួយក្លិបនៅអង់គ្លេសនេះឡើងវិញ។
Rooney ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត Man Utd នោះថែមទាំងបានលើកឡើងថា Ronaldo ដែលត្រឡប់មកវិញនេះ មិនមែនជា Ronaldo ដែលចាកចេញកាលពី ១២ឆ្នាំមុនឡើយ។ ផ្អែកតាមអ្វីដែលយើងឃើញនៅពេលបច្ចុប្បន្ន Ronaldo មិនមានបញ្ហាឡើយសម្រាប់ការបង្ហាញខ្លួនដល់វ័យ ៤០ឆ្នាំដូចដែល Ryan Giggs ធ្លាប់បានធ្វើ ហើយក្នុងវ័យនោះគេនៅតែអាចស៊ុតបញ្ចូលទីបានដដែល។
គួរបញ្ជាក់ថា Cristiano Ronaldo មានកំណត់ត្រាស៊ុតបញ្ចូលទី ១១៨គ្រាប់ជាមួយ Manchester United ត្រូវបានគេរំពឹងថានឹងបង្កើនចំនួនគ្រាប់បាល់របស់ខ្លួននៅទឹកដីអង់គ្លេសបន្ថែមទៀត ជាពិសេសសម្រាប់ការបង្ហាញខ្លួនលើកដំបូងទល់នឹង Newcastle United ចុងសប្តាហ៍នេះ៕