ភ្នំពេញ៖ ក្រុមសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួននឹងកាត់ទោសរួចហើយ នៅពេលនេះកំពុងប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ “រួមគំនិតក្បត់” ភ្ជាប់ទៅនឹងសកម្មភាពរបស់ពួកគេជាមួយចលនាមាតាធម្មជាតិ។
កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ថុន រដ្ឋា ដាក់ពន្ធនាគារចំនួន២០ខែ ខណៈកញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់៤លានរៀលដូចគ្នា ក្រោមបទចោទប្រកាន់ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ពាក់ព័ន្ធសកម្មភាពរបស់ពួកគេប្រឆាំងនឹងការអភិវឌ្ឍន៍បឹងតាមោក។
ក្នុងសប្ដាហ៍នេះ តុលាការបាននាំខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់មកសាកសួរជុំវិញសំណុំរឿង “រួមគំនិតក្បត់” មួយសំណុំរឿងទៀត។
សកម្មជនដែលត្រូវនាំខ្លួនមកសាកសួរជាបន្តបន្ទាប់ទាំងនោះរួមមាន សកម្មជនបរិស្ថានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា ដែលអ្នកទាំងបីត្រូវបាននាំខ្លួនមកសាកសួរមួយថ្ងៃម្នាក់ចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។
អនុប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ដែលបានតាមដានករណីនេះឱ្យEAC News ដឹងថាការចោទប្រកាន់អ្នកទាំង៣នេះ គឺភ្ជាប់ទៅនឹងសំណុំរឿងរបស់សកម្មជនបរិស្ថាន៣នាក់ទៀតដែលមានកញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុទ្ធ និងលោកយឹម លាងហ៊ី ដែលត្រូវបានចោទប្រកាន់ថាបានរួមគំនិតក្បត់ និង ប្រមាថព្រះមហាក្សត្រ។
លោកថា៖ « ការចោទប្រកាន់ជាការដាក់បន្ទុកធ្ងន់ធ្ងរដល់អ្នកទាំង៣ព្រោះអ្នកទាំង៣ត្រូវបានតុលាការចោទប្រកាន់រួចហើយ » ។
EAC មិនទាន់អាចទាក់ទងមេធាវីការពារក្ដីឱ្យអ្នកទាំង៣គឺលោក សំ សុគង់ បាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថាតាមគោលការណ៍ច្បាប់ការចោទប្រកាន់បន្ថែមនេះគឺដោយសារតែតុលាការរកឃើញពីធាតុផ្សំនៃបទល្មើសផ្សេងដែលជនសង្ស័យបានប្រព្រឹត្ត។
លោកបន្ថែមថា៖ « ហើយជាគោលការណ៍ច្បាប់ប្រសិនជាតុលាការរកឃើញថាជនជាប់ចោទតែមួយប្រព្រឹត្តបទល្មើសច្រើនអាហ្នឹងបានន័យថាគេអនុវត្តវិធាននៃការស្រូបទោសវិធានការស្រូបទោសនោះគឺបានន័យថាគេអនុវត្តន៍ទោសណាដែលធ្ងន់ជាងគេ » ។
យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ បទចោទ រួមគំនិតក្បត់ ប្រសិនជាតុលាការរកឃើញកំហុសពិតមែនពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ ពី៥ រហូតដល់ ១០ឆ្នាំ៕