ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសចិន និងសមាជិកអាស៊ាន ឱ្យបើកទូលំទូលាយជាងមុនទីផ្សារ និងរំហូរពាណិជ្ជកម្ម ដើម្បីឱ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់អាចមានលទ្ធភាពជំរុញការនាំចេញ និងបង្កើនសក្កានុពលសេដ្ឋកិច្ចរបស់ខ្លួនបន្ថែម។
ថ្លែងក្នុងពិធីបើកពិព័ណ៌ចិន អាស៊ាន នៅព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសចិន និងអាស៊ាន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ បាននាំមកនូវ ការអភិវឌ្ឍ លើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេស និងសហគមន៍ទាំងពីរ។
សម្ដេចតេជោ ជំរុញដល់ប្រទេសចិន និងអាស៊ានបន្តនូវទំនាក់ទំនងល្អទាំងនេះ ជាពិសេសត្រូវបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី ក៏ដូចជារំហូរវិនិយោគ ដើម្បីផ្ដល់ឱកាសដល់ភាគទាំងសងខាងអាចទទួលបាននូវលទ្ធភាព ជំរុញការនាំចេញ ផលិតផល ដែលមានសក្តានុ ពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ « ចិន - អាស៊ាន ត្រូវបន្តជំរុញ កិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម ក្នុងគោលបំណង ពន្លឿន ការស្តារសកម្មភាព សង្គម - សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូ វីដ -១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវ ទីផ្សារ និង រំហូរ ពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួល ដល់រំហូរវិនិយោគ » ។
ជាមួយគ្នានោះ សម្ដេចតេជោក៏មានប្រសាសន៍ផងដែរថា កម្ពុជាបាន ខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយសម្ដេចតេជោ សង្ឃឹមថាកម្ពុជានឹងមានឱកាសបើកដំណើរការ ពេញលេញនូវសកម្មភាពសង្គមសេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខផងដែរ។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី គិតត្រឹមដំណាចខែសីហា ឆ្នាំ២០២១ កម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងមានចំនួន៨៦% និងដូសទី១សម្រាប់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់១៨ឆ្នាំ បានជាង៨១% ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសផ្សេងទៀតលើពិភពលោកដែលសម្រេចបាននូវយុទ្ធនាការចាក់ជូនពលរដ្ឋបានខ្ពស់បំផុត៕