ភ្នំពេញ៖ រដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលប្រជាមានិតចិន។
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋសភាជាតិបានអនុម័តយល់ព្រមទៅលើសេចក្តីព្រាងច្បាប់ចំនួន៧ ដែលក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា និងចិនត្រូវបាន ចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រវាងរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលបានធ្វើទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីឆ្នាំ២០២០។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ នឹងសម្រេចបានការបន្ថូរបន្ថយពន្ធកម្រិតខ្ពស់ដែលធ្វើឱ្យការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសចិន ជាង៩៧ភាគរយនៃផលិតផលនឹងទទួលការរួចពន្ធភ្លាមៗក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់ EAC News ថា កិច្ចព្រមព្រៀងដែលទើបនឹងត្រូវបានសភាអនុម័តនេះនឹងជួយដល់កម្ពុជាបើកច្រកទីផ្សារថ្មីបន្ថែមទៀតទៅកាន់ប្រទេសចិនដោយមិនបាច់បង់ពន្ធនាំចូល ហើយវានឹងធ្វើឱ្យទំនិញកសិផល និងកសិផលកែច្នៃកម្ពុជាក្លាយជាទំនិញដែលមានតំរូវការខ្ពស់ក្នុងប្រទេសចិន បង្កើតការងារដល់ពលរដ្ឋកម្ពុជា និងបង្កើនអ្នកវិនិយោគមកកម្ពុជាផងដែរ។
លោកសរសេរថា៖ « អាស្រ័យដោយទីផ្សារចិនជាទីផ្សារធំ កិច្ចព្រមព្រៀងនេះអាចនឹងទាក់ទាញអ្នកវិយោគបរទេស រួមទាំងអ្នកវិនិយោគចិនផងមកវិនិយោគនៅកម្ពុជាដើម្បីផលិតទំនិញសំរាប់នាំចេញត្រឡប់ទៅទីផ្សារចិនវិញ។ […] ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការទទួលយកបច្ចេកវិទ្យាបទពិសោធន៍ថ្មីៗពីការធ្វើវិនិយោគនឹងជួយអោយសង្គមធុរៈជន ផលិតករកម្ពុជារីកចំរើនទៅតាមការវិវឌ្ឍន៍នៃតំរូវការរបស់ទីផ្សារចិន » ។
អ្នកវិភាគសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគួរតែចេញយូរណាស់ហើយ មិនគួរទុកដល់ពេលនេះនោះទេ តែលោកក៏បានសាទរចំពោះការបោះជំហាននេះ ព្រោះវានឹងផ្ដល់ប្រយោជន៍បន្ថែមដល់កម្ពុជា ជាពិសេសកសិករ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថាក្រោយពីកិច្ចព្រមព្រៀងនេះទទួលបានការអនុម័ត វានឹងធ្វើឱ្យចិនក្លាយជាទីផ្សារធំនៃវិស័យកសិកម្មកម្ពុជា ដែលជួយឱ្យប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន។
លោកថា៖ « ពាក់ព័ន្ធនឹងវិស័យសាច់សត្វក៏អាចមានសក្ដានុពលដែរ ហើយទី២គឺទាក់ទងនឹងដំណាំផ្លែឈើដែលពីមុនចិននាំចូលពីប្រទេសថៃ តែឥឡូវចិនអាចងាកមករកការនាំចូលពីប្រទេសកម្ពុជាទៅវិញ ជាការផ្ដល់ឱកាសមួយសម្រាប់កសិករ និងវិស័យកសិកម្មកម្ពុជា » ។
បន្ទាប់ពីសភាអនុម័តរួច កិច្ចព្រមពៀងនេះនឹងត្រូវដាក់ទៅព្រឹទ្ធសភាដើម្បីពិភាក្សាបន្ត មុននឹងត្រូវបានឡាយព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២០មានទំហំប្រមាណ៣៥ពាន់លានដុល្លារអាមេរិក ក្នុងនោះទំហំពាណិជ្ជកម្មជាមួយចិនមានជាង៨ពាន់លានដុល្លារ ដែលកើនឡើងជាង៥,២%បើធៀបនឹងឆ្នាំ២០១៩៕