ជប៉ុន៖ ជប៉ុន នឹងមិនទទួលរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបពិភពលោក ឬ FIFA Club World Cup ឆ្នាំ២០២១នេះឡើយ ត្បិតជប៉ុនកំពុងស្ថិតក្នុងវិធានការរឹតត្បិត ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ ដែលនឹងអាចបង្កផលប៉ះពាល់ច្រើន ជាពិសេសគឺការកំណត់ចំនួនអ្នកចូលទស្សនា ឬអាចឈានដល់ការប្រកួតបិទទ្វារតែម្តងក៏ថាបាន។
ពានរង្វាន់ FIFA Club World Cup គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្លិបបាល់ទាត់ចំនួន ៦ ដែលជាជើងឯកពីការប្រកួតប្រចាំទ្វីបរៀងៗខ្លួន រួមជាមួយក្លិបកំពូលមួយនៃប្រទេសម្ចាស់ផ្ទះ ដែលតាមធម្មតាតែងតែរៀបចំឡើងនៅខែធ្នូ ជារៀងរាល់ឆ្នាំ។ គួរឱ្យដឹងថា ជប៉ុនធ្លាប់បានរៀបចំការប្រកួតនេះលើកចុងក្រោយបង្អស់កាលពីឆ្នាំ២០១៦ កន្លងទៅ ដែលកាលណោះជើងឯកទ្វីបអឺរ៉ុប Real Madrid ក្លាយជាជើងឯក ខណៈក្រុមម្ចាស់ផ្ទះ Kashima Antlers ជាជើងឯករង។ ការសម្លឹងឃើញក្នុងបំណងរៀបចំជាម្ចាស់ផ្ទះនេះ គឺជាផ្នែកមួយនៃការអបអរសាទរខួប ១០០ឆ្នាំនៃសហព័ន្ធបាល់ទាត់ជប៉ុន (JFA)។
យ៉ាងណាក្តី ក្រោយជប៉ុនសម្រេចបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ បើតាមប្រភពនៃសេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា FIFA ទំនងជានឹងអាចរុញការរៀបចំព្រឹត្តិការណ៍នេះពីចុងឆ្នាំ២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ជំនួសវិញ។ ដោយឡែក អ្នកនាំពាក្យរបស់ FIFA បានថ្លែងថា ពត៌មានលំអិតនៃការប្រកួត FIFA Club World Cup លើកក្រោយនឹងត្រូវបានបញ្ជាក់នៅពេលកំណត់ណាមួយជាក្រោយ។
គួររំឮកផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ ពានរង្វាន់ FIFA Club World Cup នៅកាតាក៏ត្រូវបានរុញពេលវេលាប្រកួតផងដែរ ពោលគឺកាតាជាម្ចាស់ផ្ទះ បានស្នើសុំលើកការប្រកួតពីខែធ្នូ ឆ្នាំ២០២០ មកលេងនៅខែកុម្ភៈ ឆ្នាំ២០២១ ខណៈជើងឯកបានទៅលើ Bayern Munich៕