
សម្តេចក្រឡាហោម ស ខេង ក្រើនរំឭកក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង, ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និង សមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូZoom ។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំងសាមគ្គីបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្នុងមូលដ្ឋានខេត្ត ដូចជាគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ជាដើម ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានការអត់ធ្មត់ខ្ពស់ ក្នុងការអនុវត្តវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេនៅក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ព្រមទាំងការអនុវត្តវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងវិធានការបន្តបន្ទាប់ទៀត។
សម្ដេចក្រឡាហោម ក៏បានក្រើនរំឭកក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយចៀសឱ្យបានជាដាច់ខាតនូវការប្រព្រឹត្តសកម្មភាពមិនគាប្បីទៅលើប្រជាពលរដ្ឋ ដោយសម្ដេចបានផ្ដល់ការប្រៀបធៀបថា ទាំងអំពើល្អ និងអំពើអាក្រក់ ប្រៀបបានទៅនឹងស្រមោលអន្ទោលតាមប្រាណ ពោលគឺប្រសិនណាបើយើងធ្វើអំពើល្អ នោះយើងនឹងជួបអំពើល្អច្រើននៅក្នុងជីវិត ប៉ុន្តែប្រសិនបើយើងប្រព្រឹត្តតែអំពើអាក្រក់មិនគប្បី នោះនឹងចៀសមិនផុតពីការជួបរឿងរ៉ាវមិនល្អជាក់ជាមិនខានឡើយ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៀតទៅកាន់អង្គពិធី ពាក់ព័ន្ធនឹងការដំណើរឈានឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ព្រមទាំងបានផ្ដល់ជូននូវទស្សនទានមួយចំនួនជុំវិញដំណើរការគ្រប់គ្រងការឆ្លងរីករាលជំងឺកូវីដ-១៩នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចការនយោបាយមួយចំនួនទៀត៕