ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មេធាវីលោក រ៉ុង ឈុន នឹងពិភាក្សាពីការស្នើសុំឱ្យកូនក្ដីអាចចេញមកព្យាបាលជំងឺនៅក្រៅឃុំ

ភ្នំពេញ: មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន ថាក្រុមមេធាវីនឹងពិភាក្សាគ្នាពីលទ្ធភាពក្នុងការស្នើសុំឱ្យកូនក្ដីខ្លួនអាចចេញមកសម្រាកព្យាបាលជំងឺនៅក្រៅឃុំ បន្ទាប់ពីមានការបារម្ភពីសុខភាពភ្នែកកូនក្ដីកាន់តែធ្ងន់ធ្ងរ។

កាលពីថ្ងៃ សៅរ៍ ចុងសប្ដាហ៍មុន អនុរក្សពន្ធនាគារបានសម្រេចបញ្ជូនលោក រ៉ុង ឈុន ទៅពិនិត្យសុខភាពភ្នែករបស់លោកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានការបារម្ភលើបញ្ហាសុខភាពភ្នែកខាងស្ដាំរបស់គាត់ដែលស្រវាំងកាន់តែខ្លាំង។

បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថា ពេទ្យនឹងសម្រេចវះកាត់ភ្នែកខាងស្ដាំរបស់លោកដើម្បីការពារកុំឱ្យឆ្លងរាលដាលមកភ្នែកខាងឆ្វេង។

មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺលោក សំ សុគង់ មានប្រសាសន៍ប្រាប់ EAC News ថានៅពេលនេះ មេធាវីនឹងពិនិត្យមើលលទ្ធភាពស្នើសុំទៅតុលាការដើម្បីអាចនាំកូនក្ដីរបស់ខ្លួនមកព្យាបាលនៅក្រៅពន្ធនាគារជាបណ្ដោះអាសន្ន។

លោកមានប្រសាសន៍ថា៖ « ដោយសារតាមផ្លូវច្បាប់គឺគាត់ (លោករ៉ុង ឈុន) ត្រូវបានតុលាការកាត់ទោសហើយ។ អញ្ចឹងការសុំនៅក្រៅឃុំអំឡុងពេលគាត់កាត់ទោសហើយច្បាប់អត់មានចែងឱ្យច្បាស់ទេ! បើស្ថិតក្នុងដំណាកកាលចៅក្រមស៊ើបសួរយើងអាចសុំច្បាប់នៅក្រៅឃុំព្រោះមានច្បាប់ចែង អញ្ចឹងយើងត្រូវសិក្សាថា សុំនៅក្រៅឃុំតាមច្បាប់បានឬអត់? ហើយបើថាអត់បានយើងមានតែសុំឱ្យគាត់ព្យាបាលនៅក្រៅឃុំរហូតដល់គាត់ជាទេ » ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពជំងឺរបស់ជនជាប់ចោទ មេធាវី ឬជនជាប់ចោទផ្ទាល់អាចស្នើសុំទៅតុលាការបាន។

លោកថា៖ « ជាគោលការណ៍ច្បាប់គឺជនជាប់ចោទក៏ដូចជាមេធាវីមានសិទ្ធិស្នើសុំ ក៏ប៉ុន្ដែសិទ្ធិសម្រេចគឺនៅលើចៅក្រម គាត់ត្រូវសម្រេចអនុញ្ញាត្តិ ឬមិនអនុញ្ញាត្តិគឺត្រូវពិនិត្យលើជំងឺភាពជាក់ស្ដែងរបស់ជនជាប់ចោទនេះ » ។

ក្នុងបទសម្ភាសន៍ជាមួយ EAC News កាលពីម្សិលមិញ ក្មួយបង្កើតរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា បានស្នើដល់រដ្ឋាភិបាលអនុញ្ញាត្តិឱ្យពូរបស់ខ្លួនចេញមកព្យាបាលនៅខាងក្រៅ ដោយបារម្ភពីស្ថានភាពរបស់គាត់អាចកាន់តែលំបាកប្រសិនជាបន្តនៅពន្ធនាគារ។

លោកថា៖ « ខ្ញុំនៅតែសង្ឃឹមអាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលអនុញ្ញាត្តិឱ្យគាត់បានមកនៅក្រៅពន្ធនាគារបណ្ដោះអាសន្ន ដើម្បីពិនិត្យតាមដានសុខភាពរបស់គាត់ឡើងវិញឱ្យបានល្អប្រសើរ » ។

ប្រធានសហជីពកម្ពុជាលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរចំនួន១០៦គ្រួសារ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជារឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

លោកត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។

ទោះជាយ៉ាងណា មេធាវីការពារក្ដីរបស់លោកសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេច ដោយថាមិនអាចទទួលយកបាន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក