ភ្នំពេញ: ក្រសួងអប់រំ នឹងបន្ថែមការបង្រៀនផ្នែកបច្ចេកវិទ្យាមួយបន្ថែមទៀតទៅ ក្នុងថ្នា្កក់សិក្សាអក្ខរកម្ម ដោយថាដើម្បីឱ្យយុវជនរំដោះពីភាពមិនចេះអក្សរ និងដើរទាន់សម័យកាល។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១» តាមប្រព័ន្ធវីដេអូពីចំងាយនៅព្រឹកថ្ងៃទី ៨ កញ្ញា នេះរដ្ឋមន្ត្រីអប់រំលោក ហង់ ជូនណារ៉ុន មានប្រសាសន៍ថាក្នុងសតវត្សទី២១ ការរំដោះអនក្ខរជនគឺត្រូវបន្ថែមនៅការបង្រៀនផ្នែកបច្ចេកវិទ្យាមួយបន្ថែមទៀត ដើម្បីធានាថា យុវជនកម្ពុជា ទទួលបានទាំងចំណេះដឹង ការងារ និងបច្ចេកវិទ្យា នៅពេលបញ្ចប់ថ្នាក់បណ្ដុះបណ្ដាល។
លោកបន្ថែមថា៖ « ប្រសិនបើយើងមិនឆ្លើយតប ទៅនឹងតម្រូវការថ្មីទេកម្មវិធីអក្ខរកម្មនេះនឹងមិនទទួលបានជោគជ័យឡើយ » ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០ ដែល EAC News ទទួលបាន ក្រសួងអប់រំឱ្យដឹងថា គិតត្រឹមឆ្នាំ២០២០ ចំនួនអ្នកមិនចេះអក្សរនៅកម្ពុជាដែលមានអាយុ១៥ឆ្នាំឡើងមាន ៥៦៨ ៧៧៥នាក់ ក្នុងនោះស្រីមានជាងពាក់កណ្ដាល។ ក្នុងឆ្នាំដដែលកម្មវិធីអក្ខរកម្មបានរំដោះជនមិនចេះអក្សរបាន ១៤ ២១០នាក់ដែលស្នើនឹង២,៥ភាគរយនៃចំនួនអ្នកមិនចេះ។
ក្រសួងបានកត់សម្គាល់ថា៖ « ចំនួននេះទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការរំដោះអនក្ខរជនពីគ្រោះមិនចេះអក្សរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម » ។
ក្នុងសារលិខិតចេញថ្ងៃទី ៨ កញ្ញានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូបឱ្យយកចិត្តទុកដាក់ខ្ពស់បន្តទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ដើម្បីឱ្យកម្ពុជាឈានសម្រេចបាននូវគោលដៅប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាពលករជំនាញ និងធានាបាននូវការសិក្សាពេញមួយជីវិតសម្រាប់ពលរដ្ឋគ្រប់រូប៕