អន្តរជាតិ: ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបានចាប់ផ្តើមឆេះនៅក្នុងតំបន់ហ្គាលីសៀភាគពាយព្យនៃប្រទេសអេស្ប៉ាញ។ អណ្តាតភ្លើងឆាបឆេះនៅជិតទីក្រុងតូច Ribas de Sil ហើយកំពុងបញ្ចោញផ្សែងដ៏ធំសម្បើមឡើងទៅលើអាកាស។ ផ្លូវរថភ្លើងនិងផ្លូវផ្សេងៗទៀតត្រូវបានបិទ។ អង្គភាពយោធាប្រទេសអេស្ប៉ាញបានបញ្ជូនកម្លាំងបន្ថែមដើម្បីជួយដល់អង្គភាពពន្លត់អគ្គិភ័យនៅក្នុងតំបន់ ក្នុងនោះមាន ៤៩ក្រុម និងយន្តហោះ ៨គ្រឿង ឧទ្ធម្ភាគចក្រ ១៤គ្រឿងកំពុងជួយពន្លត់ភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ។
កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពពន្លត់អគ្គិភ័យកំពុងមានភាពស្មុគស្មាញដោយសារការមានសំណើមទាបនិងអាកាសធាតុក្ដៅ។ ភ្លើងបានឆាបឆេះព្រៃអស់ស្ទើរ ៧៥ពាន់ហិកតានៅប្រទេសអេស្ប៉ាញនៅឆ្នាំនេះដែលធ្វើឱ្យវាក្លាយជាឆ្នាំមួយដ៏អាក្រក់បំផុត៕