វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវដល់គ្រប់ភាគីយកចិត្តទុកដាក់បន្តទៀតដល់ការងារអក្ខរកម្ម

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូបឱ្យយកចិត្តទុកដាក់ខ្ពស់បន្តទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ដើម្បីឱ្យកម្ពុជាឈានសម្រេចបាននូវគោលដៅប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាពលករជំនាញ។

ក្នុងសារលិខិតអបអរ ឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសោមនស្សរីករាយជាមួយជនរួមជាតិ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងបន្ថែមដែរថា ក្នុងអំឡុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជានៅតែអាចបន្តការអប់រំដល់សិស្សានុសិស្ស និងនិស្សិតនៅគ្រប់ភូមិសិក្សា តាមគ្រប់រូបភាព រួមបញ្ចូលទាំងការអប់រំតាមបែបឌីជីថល អេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណី។

ក្រៅពីនោះកម្មករ កម្មការិនី ទាំងក្នុងនិងក្រៅប្រទេសក៏មានលទ្ធភាពបន្តការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញតាមរយៈកម្មវិធី “សមមូលអប់រំកម្រិតមូលដ្ឋាន” ហើយអ្នកជាប់ឃុំឃាំងនៅតាមមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស ក៏ទទួលបាននូវកម្មវិធីអក្ខរកម្ម ដើម្បីឱ្យពួកគាត់មានចំណេះដឹងសម្រាប់ដោះស្រាយបញ្ហាដែលពាក់ព័ន្ធជីវភាពរស់នៅ បន្ទាប់ពីពួកគេទទួលបានសិទ្ធិសេរីភាពផងដែរ។

ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នេះសម្ដេចតេជោ ក៏បានដាក់ចេញនូវគោលការណ៍ចំនួន៨សម្រាប់អនុវត្ត ដើម្បីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យមានប្រសិទ្ធិភាព ដោយជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំគោលនយោបាយ ច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្ត ធានាបាននូវការសិក្សាពេញមួយជីវិតសម្រាប់ពលរដ្ឋគ្រប់រូប។

គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថាន មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបន្តបង្កើតកម្មវិធីអប់រំពេញមួយជីវិតទាំងផ្នែកអក្ខរកម្ម វិជ្ជាជីវៈ បច្ចេកវិទ្យា ឱ្យកាន់តែសម្បូរបែប។ អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសិក្សា ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋបោះបង់ការសិក្សា។

ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយរាល់កម្មវិធីអក្ខរកម្ម ចំណែកសិស្ស និស្សិត យុវជន ត្រូវចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុងមូលដ្ឋាន ហើយមាតា បិតា អាណាព្យាបាល ត្រូវជំរុញកូនចៅឱ្យរៀនសូត្របានជាប់លាប់។ វត្តអារាម និងវិហារសាសនានានា ត្រូវជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យខ្លាំងថែមទៀត តាមរយៈការទេសនាអប់រំ។

បន្ថែមពីលើនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏ស្នើដល់ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការភាពជាដៃគូជាមួយគ្រឹះស្ថានរដ្ឋទាំងធនធាន និងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សាភ្ជាប់នឹងការអប់រំវិជ្ជាជីវៈ។

ជាងនេះទៅទៀតសម្ដេចតេជោ ក៏ជំរុញទៅ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនឱ្យបើកថ្នាក់អក្ខរកម្មគួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញដល់កម្មករ កម្មការិនីផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យជាអនុសាសន៍ថា៖ « “មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តត្រឹមត្រូវ” “មានអក្ខរកម្មនាំឱ្យមានការអភិវឌ្ឍសហគមន៍កាន់តែរីកចម្រើន” “មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម” » ។

គួរបញ្ជាក់ផងដែរថា ទិវាអក្ខរកម្ម៨ កញ្ញា ឆ្នាំ២០២១នេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត” ក្នុងអត្ថន័យ ជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាស សិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ដើម្បីរួមចំណែកស្ដារឡើងវិញសង្គម សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក