
TOP NEWS : នាយករដ្ឋមន្ត្រីកម្ពុជា-នាយករដ្ឋមន្ត្រីឡាវថ្មី រីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើងដល់ ១០៤លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២០។
(ភ្នំពេញ) : ក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តទៅវិញទៅមកចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណីនិងភាពជាអ្នកជិតខាងល្អ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ផនខាំ វីជាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត្យឡាវ នាជំនួប សន្ទនាតាមប្រព័ន្ធវីដេអូ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការជឿជាក់ថាផ្អែកលើបទពិសោធន៍ដ៏ធំធេងនិងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវ ទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។
ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។
នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ ក្នុងការពង្រឹងកិច្ចសហការរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនៃជំងឺ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២៕