សមត្ថកិច្ចខណ្ឌចំការមនបាន ឃាត់ខ្លួនជនសង្ស័យ៨០នាក់ ភាគច្រើនជាជនបរទេស ក្នុងប្រតិបត្តិការបង្រ្កាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានៅក្នុងខណ្ឌចំការមន
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី11 ខែតុលា ឆ្នាំ2025 វេលាម៉ោង16:00នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង01កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី34 ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះ ចំនួន80នាក់ មានស្រ្តី15នាក់ មកពី 07សញ្ជាតិ។
ក្នុងចំណោមមនុស្សទាំង 80នាក់ ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនជាតិចិន 57នាក់(ស្រ្តី 04, ចិនតៃវ៉ាន់១នាក់) , នេប៉ាល់ 02នាក់, ម៉ាឡេស៊ី ចំនួ 05នាក់ (ស្រ្តី 02) , វៀតណាម 02នាក់(ស្រ្តី 01នាក់ ), មីយ៉ាន់ម៉ា 09នាក់(ស្រ្តី 03 ) និងស្រ្តីជនជាតិខ្មែរ05នាក់ ។
ក្នុងប្រតិប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម៉ូនីទ័រ 204គ្រឿង, ធុងCPU 128គ្រឿង, និងកុំព្យូទ័រយួរដៃ 03គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌចំការមនកំពុងសហការជាមួយ មន្ត្រីជំនាញនៃការិយាល័យ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕








