ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ប្រកាសលក់ឧបករណ៍តេស្តរហ័សជំងឺកូវីដ១៩ ប្រភេទថ្មីចំនួន ២ប្រភេទ ជូនសាធារណៈជនក្នុងតម្លៃពី ២ ទៅ ២,៩ ដុល្លារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី ៦ ខែកញ្ញានេះ ក្រសួងប្រៃសណីយ៍បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ។ ក្រសួងបានស្វែងរកឧបករណ៍ទៅរហ័សប្រភេទថ្មីពីប្រទេសកូរ៉េ និងចិនដើម្បីលក់ជូនសាធារណៈជន។
ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ មានឈ្មោះថា Asan Easy Test ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២.៩ដុល្លារ។
ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសចិន មានឈ្មោះថា Healgen Antigen Rapid Test ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ២ដុល្លារ។
ដើម្បីបញ្ជាទិញឧបករណ៍តេស្តរហ័សទាំងពីរប្រភេទខាងលើ សាធារណជនអាចចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ http://www.mptc.gov.kh/rt ឬ http://www.store.tovpet.com ឬអញ្ជើញមកដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រាល់ម៉ោងធ្វើការ៕