ផែនការសង្រ្គោះ បង្ការ និងទប់ស្កាត់គ្រោះមហន្តរាយអគ្គីភ័យត្រូវបានពង្រឹងដោយស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ អគ្គីភ័យមួយបានកើតឡើងនៅព្រឹកទាបភ្លឺថ្ងៃអាទិត្យទី០៥ ខែកញ្ញាក្នុងបន្ទប់ខុនដូកម្ពស់១៧ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌ ៧ មករា រាជធានីភ្នំពេញ បានបណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈទាំងស្រុង ប៉ុន្តែអគ្គីភ័យនោះមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ។ ខុនដូខាងលើមានយីហោ លី ហ៊ួត ដែលមានម្ចាស់ឈ្មោះ លី ហ៊ួត ភេទប្រុស អាយុ៧២ឆ្នាំ ស្ថិតនៅទីតាំងអគារលេខ៣៦A ផ្លូវ២៤២ កែងផ្លូវ១១១ ក្រុមទី៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
នាយការិយាល័យនគរបាលបង្ការ ពន្លត់ អគ្គីភ័យ និងសង្រ្កោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់អង្គភាពបណ្តាញសារព័ត៌មាន EAC News ថាអគ្គីភ័យខាងលើបានកើតឡើងដោយសារអ្នកជួលបន្ទប់ខុនដូជាជនជាតិចិនចោលកន្ទុយបារីនៅក្នុងបន្ទប់ ទើបបង្កជាអគ្គីភ័យកើតឡើង។ ជនជាតិចិនរូបនោះត្រូវបាននគរបាលប៉ុស្ថិ៍រដ្ឋបាលសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឃាត់ខ្លួនយកទៅសាកសួរ។
រថយន្តពន្លត់អគ្គីភ័យចំនួន១២គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានការណ៍អគ្គីភ័យខាងលើដោយត្រូវចំណាយពេលសង្រ្គោះប្រហែលជាង១ម៉ោង។
ជាមួយគ្នានេះ តាមរយៈកិច្ចប្រជុំដាក់ចេញផែនការពង្រឹងការងារសង្រ្គោះអគ្គីភ័យដើម្បីបង្ការទប់ស្កាត់នៃគ្រោះមហន្តរាយអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញឧត្តមសេនីយ៍ឯក ស ថេត បានណែនាំឱ្យមានការស្រាវជ្រាវស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យកើតឡើងនៅតំបន់ផ្សេងៗ ពិសេសបញ្ហាដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
លោក ស ថេត បានណែនាំចាត់តាំងមន្រ្តីចុះទៅផ្សព្វផ្សាយអប់រំនៅគោលដៅដែលមានហានិភ័យ រួមមានកន្លែងលក់រថយន្ត ស្ថានីយ៍និងដេប៉ូលក់ចែកចាយប្រេងឥន្ធនៈ កន្លែងស្តុកលក់អេតចាយ កន្លែងអាជីវកម្មលក់ចែកហ្គាស និងទីតាំងផ្សេងទៀត ដោយតម្រូវឱ្យម្ចាស់ទីតាំងរឺគោលដៅយល់ដឹងពីបច្ចេកទេសនៃសការសង្រ្គោះអគ្គីភ័យបឋម ការបំពាក់ឧករណ៍បច្ចេកសម្រាប់សង្រ្គោះអគ្គីភ័យ និងណែនាំឱ្យនាំគ្នាចូលរួមប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហាអគ្គីភ័យនេះ។
លោកស្នងការរាជធានីភ្នំពេញក៏បានណែនាំដល់មន្រ្តីនគរបាលសង្រ្គោះអគ្គីភ័យឱ្យហ្វឹកហាត់ពង្រឹងសមត្ថភាពជាប្រចាំនិងជំនាញច្បាស់លាស់ក្នុងការចេញប្រតិបត្តិការសង្រ្គោះអគ្គីភ័យធានាឱ្យបានសុខសុវត្ថិភាព និងការសង្រ្គោះឱ្យបានលឿនឆាប់រហ័ស៕