ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជាថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នកជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀបចំសម្រាប់ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាចកើតឡើងទៀតពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅដល់គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌលសុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយបានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាកដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ ទាំងផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen សម្រាប់ទម្លាក់គ្រាប់បែកMK84 ក៏ដូចជាការប្រើប្រាស់កាំភ្លើងធំ គ្រឿងសព្វាវុធធុនធ្ងន់ ក្នុងការផ្លោងគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ ក្នុងនោះក៏មានស្លាកស្នាមជាច្រើនដែលបានបន្សល់ទុកពីការបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋស៊ីវិល ចាប់តាំងពីថ្ងៃផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

លោកអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសកម្មភាពចុះយកព័ត៌មានដោយផ្ទាល់របស់អ្នកសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់ ថាជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន ពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យនៅពេលចុះយកនិងរាយការណ៍ព័ត៌មានក្នុងតំបន់ជម្លោះព្រំដែន ដែលអ្នកសារព័ត៌មានចាំបាច់ត្រូវអនុវត្តដោយអាជីពនិងក្រមសីលធម៌ និងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានខ្លួនឯងផង សម្រាប់ប្រជាជនដែលរស់នៅក្នុងសហគមន៍ដែលចុះទៅនោះផង ក៏ដូចជាដើម្បីបង្ការហានិភ័យកុំឱ្យកើតមាន និងចូលរួមរក្សាការពារសន្តិសុខជាតិ។​

លោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា៖ «ការផ្សព្វផ្សាយ ជាបន្តបន្ទាប់របស់ក្រុមអ្នកសារព័ត៌មាន ទាំងពេលនេះ និងនាពេលកន្លងមក បានរួមចំណែកដ៏សំខាន់ក្នុងការបញ្ជូនជាសារ ឱ្យបានដល់អន្តរជាតិបានដឹង អំពីស្ថានភាពពិត វិនាសកម្មដែលកម្ពុជាបានទទួលរង និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ពិសេសជនភៀសសឹកដែលកំពុងរស់នៅ តាមជំរុំបណ្តោះអាសន្ន»។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ បានចូលរួមចំណែកលាតត្រដាងការពិតជូនដល់ពិភពលោកបានដឹងពីទុកសោកសង្រែងរបស់កម្ពុជា ព្រោះការវាយប្រហារដែលកងទ័ពថៃបានធ្វើ មិនត្រឹមបង្កមហន្តរាយមកលើទាហានកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានប៉ះពាល់ និងបង្កផលវិបាកធ្ងន់ធ្ងរមកលើពលរដ្ឋកម្ពុជា ជនស៊ីវីលជាច្រើនឥតគណនា។

តាមរយៈការផ្សាយរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបានចុះមកយកព័ត៌មានផ្ទាល់ ប្រជាជនកម្ពុជាបានអំពាវនាវឱ្យ ពិភពលោកផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ដោយឈរលើការពិត និងសច្ចភាព។ ប្រជាជនកម្ពុជាប្រាថ្នាចង់បានតែសន្តិភាព ការរស់នៅដោយសុខដុមរមនា និងការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយការគោរពអធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់តម្លៃ នៃការរក្សាសាមគ្គីភាព ជាមួយប្រទេសជិតខាងទាំងអស់។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក