
លោក សេង ធារិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងភូមិសាស្រ្តតំបន់ជាប់ព្រំដែន និងបានណែនាំដល់កងកម្លាំងត្រូវត្រៀមឧបករណ៍សម្ភារៈសង្គ្រោះបន្ទាន់ឲ្យបានរួចជាស្រេច
បន្ទាយមានជ័យ ៖ លោក សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ និងលោក ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមានការចូលរួមពីកងកម្លាំងនគរបាលព្រំដែន អាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យលើភូមិសាស្រ្តជំនន់ទឹកភ្លៀងស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងភូមិសាស្រ្តផ្សេងទៀតតាមមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ។
លោក សេង ធារិន បានជម្រុញណែនាំ ដល់សមត្ថកិច្ចពាក់ព័ន្ធកងកម្លាំង ពិសេសអាជ្ញាធរ ក្នុងរដូវទឹកជំនន់នេះសូមត្រៀមឲ្យបានរួចជាស្រេចនូវទីទួលសុវត្ថិភាព ឧបករណ៍សង្គ្រោះបន្ទាន់ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះបងប្អូនពលរដ្ឋ ឲ្យបានទាន់ពេលវេលាក្នុងករណីគ្រោះទឹកជំនន់មានការកើតឡើង ពិសេសតំបន់ដែលប្រឈមនឹងទឹកជំនន់។ ទន្ទឹមនឹងនោះលោកក៏បានជម្រុញបន្ថែមអាជ្ញាធរមូលនៅមូលដ្ឋានត្រូវចុះតាមដាននូវស្ថានភាពទឹកឲ្យបានជាប់ជាប្រចាំដើម្បីយើងងាយស្រួលត្រៀមឧបករណ៍ សម្ភារៈសម្រាប់ជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់៕