ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តប្រចាំកូរ៉េខាងត្បូងដឹកនាំយុវជនដង្ហែរក្បួនអបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ
ភ្នំពេញ៖ លោក ចាន់ សំមុនី ប្រធានប្រតិបត្តិនៃក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ប្រចាំកូរ៉េខាងត្បូង ដឹកនាំយុវជន ដង្ហែរក្បួន អបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះបូជនកិច្ច និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ-ធិបតី ដែលបាននាំយកនូវបទឈប់បាញ់ និងនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន អមជាមួយការនាំយកថវិកាផ្ទាល់ខ្លួន ដែលជាប្រាក់សន្សំទិញផ្ទះ ចំនួន១០០លានរៀល ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងទិញគ្រឿងឧបភោគនិងបរិភោគជូនជនភៀសសឹក ដែលកំពុងជួបការលំបាក និងត្រូវការជំនួយ។
ការដឹកនាំយុវជន ដង្ហែរក្បួន អបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិនាពេលនេះ ធ្វើឡើងដើម្បីរំលឹក នឹកគុណដល់វីរៈភាពរបស់សម្តេចតេជោ-ធិបតី ក៏ដូចជា ការរំលឹកនឹកគុណូការៈ របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់សូម្បីតែមួយមីលីមែត្រ ។
ជាមួយគ្នានេះ លោក ចាន់ សំមុនី អតីតពលករខ្មែរនៅកូរ៉េខាងត្បូងរូបនេះ បានលើកឡើងថា ថវិកា១០០លានរៀលនេះ មួយផ្នែកប្រគល់ជូនកងទ័ព តាមរយៈបញ្ជាការដ្ឋានអង្គរក្ស និងមួយផ្នែកចាត់ចែងទិញ គ្រឿងឧបភោក និងបរិភោគ ប្រគល់ជូនជនភៀសសឹក ខណៈថវិកានេះ គឺជាប្រាក់សន្សំផ្ទាល់ខ្លួនរបស់លោក សម្រាប់ទិញផ្ទះស្នាក់នៅ តែដោយសារស្ថិតក្នុងស្ថានភាពបែបនេះ លោកត្រូវតែលះបង់ ដើម្បីតបស្នងនូវការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរៈកងទ័ពជួរមុខ ក្នុងការការពារបូរណភាព និងអធិបតេយ្យភាពកម្ពុជា ជាមួយភាពក្លាហាន និងស្វាហាប់ រឹងមាំ លើសមរភូមិជួរមុខ ។
ការដង្ហែរក្បួន អបអរសាទរបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលជាកិច្ចការអទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ីនាពេលកន្លងមក ត្រូវបានធ្វើឡើងនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) នារសៀលថ្ងៃទី២ និងរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសប្បុរជន និងពលរដ្ឋ ក៏ដូចជាយុវជនជាច្រើននាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ សំមុនី បានសម្តែងនូវការដឹងគុណ ចំពោះការនាំយកនូវបទឈប់បាញ់ភ្លាមៗជូនជាតិ ក្រោយថៃឈ្លានពានទឹកដីកម្ពុជា ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងចងចាំនូវវីរភាពរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់សូម្បីតែមួយមីលីមែត្រ និងប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជាឥតងាករេផងដែរ៕











