ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ីហ្គរ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ និងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួង

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ីហ្គរ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកអគ្គរដ្ឋអាជ្ញា និងគណៈប្រតិភូ និងបានថ្លែងអំណរគុណដល់លោក ដែលឆ្លៀតពេលដ៏មមាញឹកក្នុងការអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ មានសារសំខាន់ណាស់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងកម្ពុជា និង សហព័ន្ធរុស្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ដោយការពេញចិត្ត និងរីករាយបំផុតចំពោះការរីកចម្រើន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសរវាងក្រសួងយុត្តិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា និងរុស្ស៊ី មានសន្ធិសញ្ញារួមគ្នាចំនួនពីរគឺ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្តីពីបត្យាប័ន ហើយភាគីទាំងពីរបាននិងកំពុងចរចាបញ្ចប់នូវសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ដែលបន្ទាប់ពីការចុះសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងប្រទេសទាំងពីរមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីសារជាថ្មីផងដែរ ដែលអនុស្សរណៈថ្មីនេះមានវិសាលភាពគ្របដណ្តប់ទូលំទូលាយ និងមិនមានរយៈពេលកំណត់ និងត្រូវបានធ្វើឡើងក្នុងបរិបទនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា និងការកើនឡើងនូវឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមិនត្រឹមជាបញ្ហាប្រឈមដោយឡែករបស់ប្រទេសណាមួយឡើយ ប៉ុន្តែ វាគឺជាបញ្ហាប្រឈមរួមរបស់សាកលលោក ដែលទាមទារនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ បន្ថែមពីនេះ, អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែកលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់, ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការថ្លែងអំណរគុណចំពោះភាគីរុស្ស៊ីដែលបានរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គរដ្ឋអាជ្ញា បានសម្តែងការថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក និងគណៈប្រតិភូរុស្ស៊ី។ លោកអគ្គរដ្ឋអាជ្ញា បានឯកភាពជាមួយ លោកឧបនាយករដ្ឋមន្ត្រីអំពីសារសំខាន់នៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀតក្នុងជំនួបនេះ។ នៅក្នុងជំនួបនេះ លោកអគ្គរដ្ឋអាជ្ញា បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីជូនដល់លោកឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា។ លោកអគ្គរដ្ឋអាជ្ញា ក៏បានសម្តែងនូវការឯកភាពលើសារសំខាន់នៃអនុស្សរណៈថ្មីនេះ និងបានរំលេចថា តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា តាមរយៈការផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់អាហារូបករណ៍សម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្ស។ ទន្ទឹមនេះ លោកអគ្គរដ្ឋអាជ្ញា ក៏បានធ្វើការអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីផងដែរ។

ជាកិច្ចបញ្ចប់នៃជំនួប លោកឧបនាយករដ្ឋមន្ត្រី និងលោកអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី បានអញ្ជើញចុះហត្ថលេខលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក